លោកយាយអាយុ១០១ឆ្នាំ យំទារឲ្យកូនជូនទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩
សន្តិសុខសង្គម
252

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ ដែលទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា លោកយាយ ម៉ែន ឃន អាយុ ១០១ ឆ្នាំ យំទាចាក់វ៉ាក់សាំង បើតាមការឱ្យដឹងពីបុត្រ បុត្រធីតា របស់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ បានឱ្យដឹងថា លោកយាយ ម៉ែន ឃន បន្ទាប់ពីទទួលពត៌មានបានពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចមក លោកយាយបានឱ្យកូនៗរបស់គាត់ជូនគាត់ទៅចាក់វ៉ាក់សាំង ពេលនោះកូនៗគាត់បានប្រាប់គាត់ថាម៉ែចាស់ហើយមិនបាច់ទេ ហើយពេលម្តាយគាត់ឮពាក្យនេះ ស្រាប់តែម្តាយគាត់យំខឹងពួកគាត់ ពេលនោះពួកគាត់ក៏បានដឹកលោកយាយទៅទទួលការចាក់វ៉ាសាំងតាមការស្នើសុំរបស់លោកយាយ ទៅតាមគម្លាតនៃដូសនីមួយៗ និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

ក្នុងនោះបើតាមកូនៗរបស់លោកយាយបានប្រាប់ឱ្យដឹងបន្ថែមថា បន្ទាប់ពីលោកយាយបានទទួលការចាក់វ៉ាក់សាំង តាំងពីដូសទី១ រហូតមកដល់ដូសទី៣ ដែលជាដូសជុំរុញរួច មកដល់ពេលនេះសុខភាពរបស់លោកយាយមិនមានបញ្ហាពីផលរំខានរបស់វ៉ាក់សាំងនោះទេ មិនតែប៉ុណ្ណោះលោកយាយថែមទាំងទទួលទានអាហារបានជាងពីមុនទៀតផង និងមានសុខភាពល្អធម្មតាទេ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះលោកយាយ និងកោតសរសើរចំពោះទឹកចិត្ត ក្លាហានរបស់លោកយាយ ដែលមានវ័យរហូតដល់ទៅជាង១០១ឆ្នាំ យំទារឱ្យកូនចៅជូនទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយលោកយាយចាក់បានដូសទី៣រួចហើយ។ ការសម្រេចចិត្តរបស់លោកយាយ គឺសបញ្ជាក់ឱ្យឃើញថាលោកយាយ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរទៅដល់លោកយាយសូមឱ្យមានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅចៅទួត នៃក្រុមគ្រួសារបានយូរអង្វែងបន្តទៅទៀតផងដែរ។

អំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ រួមមានថវិកាចំនួន៣លានរៀល អាវរងា អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕ សំណាង


Telegram