រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង១៥នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ស៊ុក គ្រៀវ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ លក់កាហ្វេ ហើយចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ២ម៉ែត្រ x ៣ម៉ែត្រ ចំនួន ៥ខ្នង អស់ទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យើងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប និងរថយន្តជំនួយពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ៤គ្រឿង ពុំប្រើប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃដដែល៕