បុរសម្នាក់ បើករថយន្តដឹកទឹកកក សង្ស័យងងុយដេក បុកបង្គោលភ្លើងក្រឡាប់ចាក់ចោលពេញផ្លូវ បង្កការកកស្ទះទាំងព្រឹកព្រលឹម!!!
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទឹកកកសង្ស័យងងុយដេក បានបើកឡើងខឿនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម ភ្លាមនោះរថយន្តមិនទាន់អស់ល្បឿន ក៏ក្រឡាប់ផ្ងាជើងជះទឹកកកចោលពេញផ្លូវ បង្កការកកស្ទះទាំងព្រឹកព្រលឹម កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារTVFBឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ បានបើករថយន្តកូរ៉េ៥តោន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6884 បើកបរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ សង្ស័យថាតៃកុងរថយន្តងងុយដេក បានបួងចង្កូតមកខាងស្តាំដៃជ្រុល ឡើងលើខឿនផ្លូវ ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់មួយដើម ។ ចំណែករថយន្តមិនទាន់អស់ល្បឿនបណ្តាលឲ្យក្រឡាប់ផ្ងារជើងជះទឹកកកចោលពេញផ្លូវ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្ត និងបង្គោលភ្លើង ជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ បានចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕ មេសា


Telegram