ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅក្រុងសៀមរាប
សន្តិសុខសង្គម
90

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការក្រុងសៀមរាប បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហាស់ សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ និងប្រពន្ធឈ្មោះ ហាស់ វិធាវី អាយុ៥៦ឆ្នាំ មុខរបរ គ្រូបង្រៀន។ ចំណែកមូលហេតុ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។

លោកអធិការបន្តថា ករណីនេះបណ្តាលអោយឆេះផ្ទះឈើមួយខ្នង ដំបូលស័ង្កសីដែលមានទំហំ ៨,៧០ម៉ែត្រx១៣ម៉ែត្រ ទាំងស្រុង និង ឆាបឆេះទ្រព្យសម្បត្តិដូចជា ម៉ូតូ០១គ្រឿង, ម៉ូទ័រ៦គ្រឿង, កង់កូនក្មេងចំនួន០១គ្រឿង, ទូទឹកកក០១គ្រឿង, ទូដាក់ខោអាវ ចំនួន០៣, តុចំនួន០៣, គ្រែឈើចំនួន ០៥, ខ្សែរដៃប្លាកទីន០២ខ្សែ, ចិញ្ចៀន២វង់, ប្រាក់ដុល្លារ១៥០០ដុល្លារ, ប្រាក់រៀលជាង ៤០០០០០រៀល, ឯកសារមួយចំនួន(សៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ.....)។

ជុំវិញការឆាបឆេះនេះដែរ សមត្ថកិច្ចក៏បានប្រើប្រាស់ឡានទឹកអស់ចំនួន០៣ឡាន ។ក្នុងនោះឡានទឹកស្នងការដ្ឋានខេត្តសៀមរាបចំនួន ០១ឡាន ឡានទឹកអាជ្ញាធរអប្សារាចំនួន ០២ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែមិនមានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេ ៕ 


Telegram