ប៉ះចំថ្ងៃស៊យ! ឆក់ទូរសព្ទបានសម្រេចហើយ តែរត់មិនរួច ត្រូវសមត្ថកិច្ចចា.ប់បាន២នាក់
សន្តិសុខសង្គម
320

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់ បានសម្រេច តែស៊យធំ រត់គេចខ្លួនមិនរួច ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៣និង១៥នាទី រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន៖

១- ឈ្មោះ ហម បញ្ញា ហៅ ញ៉ា ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ ធឿន ចំរើនថៃ ហៅ ថៃ ភេទ ប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនជាលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ទន្ទឹមនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានធ្វើការដកហូតបាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស ក្រហម សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IY-6143 និងទូរសព្ទ័ដៃរបស់ជនរងគ្រោះឈ្មោះ កូវ សុខហៀង ភេទ ស្រី អាយុ ៥៤ ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ០១គ្រឿង ម៉ាកអុបប៉ូ ពណ៌ ក្រហម ស្រោមពណ៌ខ្មៅផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


Telegram