រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ដFord ឆ្លងស្តុប ត្រូវបានរម៉កដឹកសាច់គោ មួយគ្រឿងទៀត បុកពេញមួយទំហឹង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ស្តុបបំបែកជា៣ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរម៉កមួយគ្រឿង ដែកពាក់ស្លាកលេខ ភ្នំពេញ 1C-I6610 បានដឹកសាច់គោ បើកតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក Ford មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BB-5380 បើកបរដោយបុរសម្នាក់ កំពុងតែឆ្លងស្តុប ស្រាប់តែបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យម្ចាស់រម៉ក រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ ដោយបានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចរថយន្តនិងរម៉ក យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka