រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ បាននាំគ្នាធ្វើសកម្មភាព គាស់ផ្ទះរបស់ប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៤និង២០នាទី ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃិន រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ០៥F ផ្លូវលេខ៣៤៤Z ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន៖
១- ឈ្មោះ ពេជ្រ សុំគោ ហៅ ជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
២- ឈ្មោះ សូ ឌីណា ហៅ ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុងលេខ៥៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជុំវិញការឃាត់ខ្លួននេះដែរ សមត្ថកិច្ចដកហូតបាន កង់ ម៉ាក SCOTT ពណ៌ទឹកក្រូច និងអាវុធខ្លី០១ដើមម៉ាក CZ 2075 RAMI 9x19 ជារបស់ជនរងគ្រោះ និងបាត់បង់ទ្រព្យសម្បត្តិរួមមាន ៖ បន្តោងខ្សែត្បូង ពណ៌ស មានស្រោបប្លាទីនចំនួន០១ (មានតម្លៃប្រហែល១,០០០$ មួយពាន់ដុល្លារសហរដ្ឋអាមេរិច) ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕