រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈស្ត្រីម្នាក់ មានរូបសម្រស់ស្រស់ស្អាត បានឈរយំនៅលើស្ពានជ្រោយចង្វារ ដោយកាន់សារ៉ូមជាប់ដៃ ទើបនឹងចេញពីមន្ទីរពេទ្យ គិតខ្លីមករកលោតទឹកសម្លាប់ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋបានឃើញទាន់ ប្រញាប់មកប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មាននៅគោលដៅក្បែរនោះ ទៅឃាត់ទាន់ពេលវេលា កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់របស់ស្ត្រីរូបស្រស់ខាងលើ បានបញ្ជាក់ប្រាប់TVFB ទាំងទឹកភ្នែកឲ្យដឹងថា គាត់ទើបទើបតែជិះកង់បីឥណ្ឌា ចេញពីមន្ទីរពេទ្យទាំងដៃនៅជាប់សារ៉ូមនៅឡើយ ហើយក៏បានចុះមកឈរ នៅលើស្ពានជ្រោយចង្វារនេះ ទ្រហ៊ោយំទាំងដៃម្ខាងកាន់សារ៉ូម ព្រោះតែគាត់មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារផង រឿងខ្លួនឯងផង ហើយគាត់មានស្វាមីរួចហើយ រាល់ថ្ងៃស្នាក់នៅម្តុំព្រែកលៀប គាត់មានរឿងច្រើនណាស់ ទើបចង់មកឈរមើលទេសភាព និងយំឲ្យអស់ពីខ្លួន ។
ស្ត្រីខាងលើបានបន្តថា គាត់គិតច្រើន នឿយហត់ អស់កម្លាំង ញ៉ាំអីមិនបាន ណាមួយទៀតក៏មានជំងឺបេះដូង តូចចិត្តនឹងជំងឺ ក៏ចង់គិតខ្លីបែបនេះ តែម្តង ដើម្បីឆាប់ផុតទុក្ខ តែក៏ត្រូវបាន បងប្អូនប្រជាពលរដ្ឋបានឃើញទាន់ ប្រញាប់មកប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មាននៅគោលដៅក្បែរនោះ ទៅឃាត់ទាន់ពេលវេលា និងបាននិយាយអប់រំណែនាំ កុំឲ្យគាត់គិតខ្លីបន្តទៀត និងហៅកង់បីឥណ្ឌា ជិះត្រឡប់ទៅផ្ទះវិញតែម្តង ៕