រាជធានីភ្នំពេញ៖ បុរសម្នាក់ បើករថយន្ដម៉ាកHybrid មួយគ្រឿង បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ស្រាប់តែភ្លាមៗ ក៏មានរថយន្ដ KIA មួយគ្រឿងទៀតបើកមកបុកជាមួយនឹងរថយន្ដHybrid នោះថែមទៀត រងការខូចខាតទាំង២គ្រឿង កាលពីវេលាម៉ោង៣យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជារដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ Hybrid ដែលពាក់ ស្លាកលេខ ភ្នំពេញ 2BK-0839 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះ ក៏មានរថយន្តប្រភេទម៉ាកKIA មួយគ្រឿងទៀត ដែលពាក់ស្លាកលេខ 2BG-2927 បានបើកខ្វះការប្រុងប្រយ័ត្ន គេចមិនទាន់ ក៏បានបុករថយន្តHybrid នោះបន្តទៀត បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំតែម្តង តែសំណាងគ្មានអ្នកណារងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង យកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីពាក់ព័ន្ធចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka