រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២៤ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមផេក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
លុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាច កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) មានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ, លោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) មានការសហការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្លូវអូស៊ីអាយស៊ី រង្វង់មូលនាងមច្ឆា ជិតស្ពានម៉ាឡេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE)សរុបរួមទម្ងន់ ២៣ គីឡូក្រាម ៧៣៨ក្រាម ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕