ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ ក្នុងស្រុកពាមរក៍
សន្តិសុខសង្គម
87

ខេត្តព្រៃវែង ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះនៅចំណុចផ្ទះឈ្មោះ ហ៊ឹម សុភី ភេទ ស្រី អាយុ ៦៥ ឆ្នាំ មានទីលំនៅភូមិឧត្តម ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឆេះបំផ្លាញ រួមមាន៖

+ ផ្ទះ ទី១ទំហំ ០៧x១០ មែត្រ ធ្វើពីឈើប្រក់ក្បឿងបានឆេះខូចខាតទាំងស្រុង ។

+ ផ្ទះ ទី២ទំហំ ០៦x០៨ មែត្រ ធ្វើពីឈើប្រក់ក្បឿងខូចខាតពាក់កណ្តាល ជាផ្ទះរបស់ឈ្មោះ ពេជ្រ វ៉ាត់ ភេទ ប្រុស ឣាយុ ៦១ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឧត្តម ឃុំព្រែកខ្សាយក ស្រុក ពាមរក៍ ខេត្តព្រៃវែង ។

ចំណែកមូលហេតុ តាមការ អះអាង ពីសាច់ញាតិម្ចាស់ផ្ទះឈ្មោះហ៊ឹម សុភី មានសតិមិនប្រក្រតី តែចំពោះករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ ។

ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ច ជំនាញ អគ្គិភ័យ ស្រុកពាមរក៍ បានចេញរថយន្តចំនួន០១គ្រឿង បានប្រើប្រាស់ទឹកអស់០៣រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ ៕


Telegram