រាជធានីភ្នំពេញ ៖ ស្ត្រីស្រស់ស្អាតម្នាក់ បានលោតសម្លាប់ខ្លួន ពីលើអគារយៀគ ថៃ ជាន់ទី៣៩ ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅតាមមហាវិថីព្រះនរោត្តម ក្នុងក្រុម៦៣ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្លាមៗក៏មានសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការហ៊ុព័ទ្ធខ្សែពិនិត្យស្រាវជ្រាវ យ៉ាងយកចិត្តទុក ដើម្បីរកមូលហេតុនៃការស្លាប់របស់ស្ត្រីខាងលើ និងបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ វ៉ាង វិនវិន អាយុ២៩ឆ្នាំ ជាជនជាតិចិន ស្នាក់នៅក្នុងអគារខាងលើ បន្ទប់លេខ D២៥.០៣ ។
ក្នុងនោះបើតាមរបាយការណ៍ លម្អិតពីសមត្ថកិច្ចជំនាញដែលចុះដល់ទីតាំងកើតហេតុផ្ទាល់ បានឲ្យក្រុមការងារTVFB ដឹងថា បើតាមការពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ដំបូងឡើយគេបានឃើញ ស្ត្រីរងគ្រោះរូបនេះ បានចេញពីបន្ទប់ស្នាក់នៅរបស់ខ្លួន នៅជាន់ទី២៥ ចុះតាមជណ្តើរយន្តប្រអប់ មកជាន់ផ្ទាល់ដីខាងក្រៅអគារ យៀគថៃ ដើម្បីមកទទួលថ្នាំមួយស្បោង ពណ៌ស (ប្រភេទថ្នាំសណ្តំ) ពីអ្នកដឹកអីវ៉ាន់អនឡាញ ក្រុមហ៊ុន E-gets ពេលទទួលរួច ជនរងគ្រោះបានចូលក្នុងម៉ាតមួយកន្លែង ក្បែរច្រកចូលអគារនោះ ដើម្បីទិញស្រាមួយដប រួចកាន់ដើរចូលជណ្តើរយន្តប្រអប់ជាន់ផ្ទាល់ដី ឡើងទៅជាន់ទី៣៩ ពេលឡើងទៅដល់ជនរងគ្រោះ បានដើរមើលនៅជាន់ទី៣៩នោះ ប្រហែល២ជុំ ទើបអង្គុយផឹកស្រាបៀរ និងជក់បារីនៅក្បែរបង្កាន់ដៃបានបន្តិច ជនរងគ្រោះក៏ងើបតោងបង្កាន់ដៃរួចលោតទម្លាក់ខ្លួនចុះមកក្រោម ស្លាប់តែម្តង ។ រីឯជណ្តើរជើងឡើងពីជាន់ទី៣៨ មកជាន់ទី៣៩ បន្សល់ទុកសំបកថ្នាំសណ្តំដែលប្រើប្រាស់រួចមួយចំនួន ។
ចំណែកប្រភពព័ត៌មានពីសន្តិសុខ ដែលយាមនៅខាងក្រោម បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងឈរយាម ស្រាប់តែលឺសំឡេងខ្ពាក ស្មានដែលជ្រុះអ្វីមកពីលើ លុះទៅមើល ទើបដឹងថាជាមនុស្សស្រី ដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមយ៉ាងរន្ធត់ ក៏បង្កការភ្ញាក់ផ្អើល និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យទៅលើសពស្ត្រីរងគ្រោះបានឲ្យដឹងថា ពិតជាការធ្វើអត្តឃាត លោតសម្លាប់ខ្លួនពិតមែន និងបានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យបន្ត ៕