ខេត្តកំពត ៖ រថយន្តកាមេរីបាឡែនមួយគ្រឿង កំពុងបើកសុខៗ នៅផ្លូវឡើងបូកគោ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលមនុស្សដែលជិះក្នុងរថយន្តប្រញាប់បើកទ្វារចុះរត់ចេញពីអណ្តាតភ្លើងយ៉ាងខ្មួរខ្មាញ់នេះ កាលពីវេលាម៉ោង ១និង ១០ នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅតាម បណ្តោយ ផ្លូវជាតិលេខ៣២ ផ្លូវឡើងបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឆេះនេះ ជាប្រភេទរថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3745 បើកបរក្នុងទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុ បានឆ្លងភ្លើងបណ្ដាលអោយឆេះតែម្ដង ។
ក្នុងហេតុការណ៍នេះដែរ ក៏មានរថយន្ត ពន្លត់ អគ្គីភយ័របស់ក្រុមហ៊ុនអូតែលសុខា បាន ចុះ មក អន្តរាគមន៍ បាញ់ពន្លត់ អគ្គិភ័យ នេះផងដែរ ហើយរថយន្តដែលឆេះនេះ អ្នកបើកបដោយឈ្មោះ ចាប ផាង ភេទ ប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ភឹម សាវុធ ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ អ្នកទាំង២គ្មានរបួសអ្វីនោះទេ ។
បន្ទាប់ពីពន្លត់រលត់ហើយនោះ រថយន្តដែលឆេះនេះ ត្រូវបាន កម្លាំង ជំនាញទាក់ទងរថយន្តស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោ ៕