ចំថ្ងៃស៊យ លួចម៉ូតូគេមិនបានហើយ ខាតទាំងដើមទាំងចុង ត្រូវសមត្ថកិច្ចចា..ប់បាន
សន្តិសុខសង្គម
101

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ធ្វើសកម្មភាពលួចម៉ូតូរបស់គេបានសម្រេច តែត្រូវអ្នកភូមិឃើញ នាំគ្នាដេញតាម ភ័យពេក នាំគ្នាជិះរត់ ដោយបក្ខពួកជនសង្ស័យបានជិះម៉ូតូជនរងគ្រោះមកទម្លាក់ផ្លូវផ្តួលចោល រួចរត់គេចខ្លួន ។ ចំណែកជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូយកមកប្លុងចោល ដោយសារតែម៉ូតូខ្លួនមានបញ្ហា ហើយក៏រត់បន្តទៀត តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខបន្ទប់ជួល ជាប់ផ្លូវជាតិលេខ៣ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ នេះបើយោងតាមផេក អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់ ។

សមត្ថកិច្ចបានបន្តទៀតថា ដំបូងឡើយមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាក Xsenter មួយគ្រឿង ពណ៌ខ្មៅ មានស្ពាយកាតាបចំហៀងមួយ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ស្លាកលេខភ្នំពេញ 1AT-5490 របស់ឈ្មោះ អ៊ឺន សុខខុំ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ដែលបញ្ឈរទុកទាំងសោនៅមុខបន្ទប់ជួល។

ក្រោយពីជនសង្ស័យ ធ្វើសកម្មភាព ជនរងគ្រោះបានឃើញទាន់ក៏នាំគ្នាដេញតាមជនសង្ស័យ ។ លុះមកដល់ចំណុចភូមិក្រញូង ឃុំញ៉ែងញ៉ង ជនសង្ស័យម្នាក់ ដែលជិះម៉ូតូរបស់ជនរងគ្រោះ បានជិះម៉ូតូទម្លាក់ផ្លូវផ្ដួលចោលរួចរត់គេចខ្លួនបាត់។ ចំណែកបក្ខពួកម្នាក់ទៀត ដែលជិះម៉ូតូម៉ាក Xsenter បានជិះមកមុខបន្ត ហើយបត់មកឆ្វេងតាមផ្លូវចូលវត្តអង្គស្លែង លុះដល់ចំណុចភូមិទឹកថ្លា ឃុំគុស ដោយម៉ូតូជនសង្ស័យមានបញ្ហា ក៏ទុកចោល។ ភ្លាមនោះ ដោយមានការសង្ស័យពីសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងដឹកនាំសម្របសម្រួលដោយ ឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុល បញ្ញា ហៅ ស្វិត ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមានម៉ូតូ Xsenter ពណ៌ខ្មៅមួយគ្រឿង គ្មានស្លាកលេខ កូនសោតាន់ចំនួន៣ដើម កាតាបស្ពាយពណ៌ខ្មៅចំនួនមួយ ទូរស័ព្ទដៃចំនួន០១គ្រឿង ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕


Telegram