មូស្គូ៖ កងទ័ពរុស្ស៊ីបីពាន់នាក់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយមានការចូលរួមពីសំណាក់កងទ័ពជើងគោក និងកងរថក្រោះ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ រួមទាំងនៅតំបន់ជិតអ៊ុយក្រែនផងដែរ ខណៈនេះជាសញ្ញាណធ្លាក់ចុះនៃការរំពឹងទុកចំពោះកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក។
បើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រុស្ស៊ីបានធ្វើឲ្យប្រទេសលោកខាងលិចព្រួយបារម្ភ ដោយការបង្កើនកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សន្យាកុំអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ឬពង្រីកសម្ព័ន្ធភាពយោធាទៅភាគខាងកើត ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានសហរដ្ឋអាមេរិកបដិសេធ។
គួរបញ្ជាក់ថា ការ ប្រកាស អំពី សមយុទ្ធ នេះ បាន ធ្វើ ឡើង មួយ ថ្ងៃ បន្ទាប់ ពី រុស្ស៊ីនិង អាមេរិក ពិភាក្សា គ្នា លើ សំណើ សន្តិសុខ របស់ទី ក្រុងមូស្គូ។ ក្នុងនោះ សារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់ប្រភពពីអង្គភាពយោធាភាគខាងលិច បាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងតំបន់ Smolensk ជិតព្រំដែនបេឡារុស្ស និងនៅតំបន់ Voronezh, Belgorod និង Bryansk ជិតព្រំដែនអ៊ុយក្រែន។
រថពាសដែកចំនួន៣០០គ្រឿងនឹងត្រូវចូលរួម រួមទាំងរថក្រោះធុន T-72B3, យានប្រយុទ្ធ BMP-2 និងអាវុធធម្មតាផងដែរ។
សមយុទ្ធនេះនឹងអនុវត្តការបាញ់ចេញពីរថពាសដែក និងអាវុធ, រៀបចំក្បួនក្នុងអំឡុងពេលមានការបំផ្លិចបំផ្លាញពីសត្រូវ និងសកម្មភាពឈ្លបយកការណ៍ ។
ទីក្រុងវ៉ាស៊ីនតោន បានជំរុញទីក្រុងមូស្គូឲ្យបញ្ឈប់ការកសាងកងទ័ពរបស់ខ្លួនប្រមាណ ១០០,០០០នាក់នៅជិតព្រំដែនអ៊ុយក្រែន ដែលបានជំរុញឲ្យមានការព្រួយបារម្ភពីអ៊ុយក្រែន និងលោកខាងលិច អំពីការលុកលុយថ្មីដែលអាចកើតមាន ពោលគឺរយៈពេលប្រាំបីឆ្នាំបន្ទាប់ពីរុស្ស៊ីដណ្តើមយកឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូនិយាយថា ខ្លួនគ្មានចេតនាវាយប្រហារទេ ហើយមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការផ្លាស់ទីទាហានរបស់ខ្លួននៅលើទឹកដីរបស់ខ្លួន និងធ្វើសមយុទ្ធយោធាតាមដែលខ្លួនយល់ឃើញ៕
ប្រភព៖ Reuters