បុរសម្នាក់ដេកជាមួយស្រីស្នេហ៍ លួចផ្ទេរលុយនាងជិត៥ម៉ឺនដុល្លារ ទៅឲ្យប្រពន្ធរបស់ខ្លួនដកខ្ទេច
អន្តរជាតិ
381

ទីក្រុងដាណាង៖ ប៉ូលិសស្រុកថាញ់ខេ ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី១១ មករា ២០២២ បាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ លូ មិញទាន់(Luu Manh Tuan) អាយុ ៣២ឆ្នាំ រស់នៅក្នុងសង្កាត់ហាខាន ទីក្រុងហាឡុង ខេត្តគ័ងនិញ ដើម្បីស៊ើបអង្កេត និងបំភ្លឺ បទល្មើស«ប្រើប្រាស់បណ្តាញកុំព្យូទ័រ ឬបណ្តាញទូរគមនាគមន៍ ឬមធ្យោបាយអេឡិចត្រូនិច(ទូរសព្ទដៃ) ដើម្បីកាន់កាប់ទ្រព្យសម្បត្តិអ្នកដទៃ» បន្ទាប់ពីបានលួចលុយប្រហែល១.១ ពាន់លានដុង ស្មើនឹង ៤៨,៤៥៨ ដុល្លារ ពីគូស្នេហ៍របស់ខ្លួន ហើយប្រគល់ឱ្យប្រពន្ធ។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vn Express ចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

គួររំលឹកផងដែរថា ដើមឡើយ បុរសខាងលើ បានជួបស្រីស្នេហ៍ឈ្មោះ ហ័រ(Hoa) អាយុ៣១ឆ្នាំ តាមអ៊ីនធឺណិត កាលពីខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីទំនាក់ទំនងបានកន្លះខែ Hoa ដែលរស់នៅខេត្ត យិន ប៉ៃ(Yen Bai)ភាគខាងជើង បានស្រលាញ់គ្នាជាមួយ ទាន់(Tuan) ហើយអ្នកទាំងពីរ បានយល់ព្រមជួបគ្នានៅ ដាណាង(Da Nang)។ ពួកគេស្នាក់នៅសណ្ឋាគារមួយក្នុងស្រុក ថាញ់ខេ ។ ក្នុងអំឡុងពេលនេះ លោក Hoa បានបើកគណនីធនាគារ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីដាក់ប្រាក់ចំនួនជាង ១,១ ពាន់លានដុង។

Tuan បានមើល Hoa បើកគណនីរបស់នាង ហើយចងចាំព័ត៌មានលម្អិត រួមទាំងពាក្យសម្ងាត់របស់នាងផងដែរ។ នៅថ្ងៃទី៤ ខែមករា បុរសឈ្មោះ Tuan បានខ្ចីទូរស័ព្ទរបស់គូស្នេហ៍របស់គាត់ ដោយនិយាយថា គាត់ត្រូវការទាញយកកម្មវិធីមួយ ។ Hoa បានឱ្យទូរស័ព្ទរបស់នាងទៅ Tuan ហើយបន្ទាប់មកចូលគេង។ ពេលនោះ Tuan បានប្រើទូរស័ព្ទរបស់ Hoa ដើម្បីចូលទៅក្នុងគណនីរបស់នាង បន្ទាប់មកបានផ្ញើប្រាក់ទាំងអស់ ទៅប្រពន្ធរបស់គាត់។ លោកថា ភរិយារបស់លោក បានប្រើប្រាស់ប្រាក់ចំនួន ១៨៥ លានដុង ដើម្បីសងបំណុល ដោយដាក់ ៥០០លានដុងទៅក្នុងគណនីសន្សំ និងដកចេញជាសាច់ប្រាក់ចំនួន ៤៤៣ លានដុង។

នៅព្រឹកបន្ទាប់ Tuan បាននិយាយថា គាត់ត្រូវទៅពិនិត្យរោគ និងកាត់ផ្តាច់ទំនាក់ទំនង។ បុរសឈ្មោះ Tuan មិនដែលត្រឡប់ទៅសណ្ឋាគារនោះទេ ដូច្នេះ Hoa មានការសង្ស័យ។ នៅពេលដែលនាង បានពិនិត្យគណនីធនាគារ របស់នាងម្តងទៀត នាងត្រូវបានគេចាក់សោរចេញ ដោយសារតែពាក្យសម្ងាត់ ដើមរបស់នាងបានផុតកំណត់។

នៅពេលដែល Hoa បានទៅធនាគារនៅថ្ងៃទី៦ ខែមករា នាងត្រូវបានគេជូនដំណឹងថា ប្រាក់របស់នាងត្រូវបានផ្ទេរ ទៅគណនីមួយផ្សេងទៀត។ បន្ទាប់មកនាងបានរាយការណ៍ ពីហេតុការណ៍នេះទៅប៉ូលិស ។

Tuan ត្រូវបានចាប់ខ្លួនពេលស្នាក់នៅ សណ្ឋាគារមួយក្នុងសង្កាត់ Go Vap ទីក្រុងហូជីមិញ។ ប្រពន្ធរបស់ Tuan ក៏ត្រូវបានកោះហៅផងដែរ។ រហូតមកដល់ពេលនេះ ប៉ូលិសប្រមូលបានប្រាក់ ៧៧០លានដុង មកវិញ ខណៈការស៊ើបអង្កេតកំពុងបន្ត ៕

ប្រភព៖ Vn Express

Telegram