សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មីនៅថ្ងៃសុក្រនេះ(១៤ មករា) ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរិះគន់សហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មថ្មីលើការបាញ់មីស៊ីលនាពេលថ្មីៗនេះថាជា«ការបង្កហេតុ» និងការព្រមានអំពីប្រតិកម្មខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណ។ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនក៏បាននិយាយផងដែរថា កូរ៉េខាងជើងបានបាញ់អ្វីដែលអាចជាមីស៊ីលផ្លោង។
នៅព្រឹកថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងជើង បានរិះគន់រដ្ឋបាលលោក បៃដិន ចំពោះ ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសនេះ ជុំវិញការសាកល្បងមីស៊ីលចុងក្រោយរបស់ខ្លួន ហើយបានព្រមានពីសកម្មភាពកាន់តែខ្លាំង និងច្បាស់លាស់បន្ថែមទៀត ប្រសិនបើក្រុងវ៉ាស៊ីនតោនរក្សា«ជំហរប្រឈមមុខដាក់គ្នា»របស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញអត្តសញ្ញាណបាន ការពារការ បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះថា ជាសមយុទ្ធដ៏ត្រឹមត្រូវនៃការការពារខ្លួន។
គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងប្រាំនាក់ ជុំវិញតួនាទីរបស់ពួកគេក្នុងការទទួលបានឧបករណ៍ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះការសាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ ហើយក៏បាននិយាយថា ខ្លួននឹងស្វែងរកទណ្ឌកម្មថ្មីនៅអង្គការសហប្រជាជាតិផងដែរ៕
ប្រភព៖ Channel News Asia