សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទ (១៧ មករា)បានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីរថ្ងៃមុននេះ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃប្រព័ន្ធអាវុធ។ ចំពេលមានភាពជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
ការសាកល្បងមីស៊ីលនេះគឺជាលើកទីបួនរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០២២ ជាមួយនឹង ការបាញ់បង្ហោះពីមុនចំនួនពីរ ដែលពាក់ព័ន្ធនឹង«មីស៊ីលដែលមានល្បឿនលឿន»ដែលមានសមត្ថភាពខ្ពស់ និងអាចហោះហើរបានបន្ទាប់ពីការលើក និងការធ្វើតេស្តមួយផ្សេងទៀតកាលពីថ្ងៃសុក្រដោយប្រើ SRBMs ពីរដែលបាញ់ចេញពីរថភ្លើង ខណៈទីក្រុងព្យុងយ៉ាងកំពុងពង្រឹងយោធារបស់ខ្លួន ហើយមិនអើពើនឹងសំណើចរចាពីសហរដ្ឋអាមេរិក។
ថ្វីបើរងទណ្ឌកម្មពីសំណាក់អន្តរជាតិក៏ដោយក៏ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តអាវុធជាច្រើនដងក្នុងឆ្នាំនេះ រួមទាំងមីស៊ីលលឿនជាងសំឡេង ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន បន្តស្វែងរកគោលដៅដែលបានអនុម័តក្នុងការពង្រឹងយោធាបន្ថែមទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍នៅអង្គារទី ១៨ ខែមករាថា «បណ្ឌិត្យសភាវិទ្យាសាស្រ្តការពារជាតិរបស់កូរ៉េខាងជើងបានបញ្ជាក់ពីភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការនៃប្រព័ន្ធអាវុធដែលកំពុងផលិត»។
ការសាកល្បងចុងក្រោយនេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយអគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង ក៏ដូចជាប្រទេសជប៉ុន។ ជាការឆ្លើយតបចំពោះការបាញ់សាកល្បងនេះ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពខុសច្បាប់ និងអស្ថិរភាពរបស់ពួកគេ។
នៅក្នុងការហៅទូរសព្ទជាមួយមន្ត្រីកូរ៉េខាងត្បូង និងជប៉ុន តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកលើបញ្ហាកូរ៉េខាងជើង លោក Sung Kim បានសម្តែងការព្រួយបារម្ភ អំពីការបាញ់សាក់ល្បងមីស៊ីលរបស់កូរ៉េខាងជើង និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកកិច្ចពិភាក្សា ដោយគ្មានលក្ខខណ្ឌជាមុន៕
ប្រភព៖ Channel News Asia