របបយោធាមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតសមាជិកសភាម្នាក់មកពីបក្សលោកស្រី អ៊ុងសាន ស៊ូជី
អន្តរជាតិ
155

ក្រុងយ៉ាំងហ្គោន៖ តុលាការជាន់ខ្ពស់របស់របបសឹកមីយ៉ាន់ម៉ា ​បានកាត់ទោសប្រហារជីវិតសមាជិកសភាម្នាក់ដែលមកពីបក្សលោកស្រី អ៊ុងសាន ស៊ូជី ពាក់ព័ន្ធនឹងបទល្មើសភេរវកម្ម កាលពីថ្ងៃសុក្រ (២១ មករា)នេះបើតាមរបបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​។ នេះបើតាមសារព័ត៌មាន channel news asia ចេញផ្សាយនៅថ្អៃទី២២ ខែមករា ឆ្នាំ២០២២។

លោក ផ្យូ ហ្សេយ៉ា ស (Phyo Zeyar Thaw) ដែលជាសមាជិកសភានៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០២១។ បើតាមសេចក្តីថ្លែងការណ៍របស់របបសឹកដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានAFP លោក ផ្យូ ហ្សេយ៉ា ស ត្រូវបានកាត់ទោសប្រហារជីវិតសម្រាប់បទល្មើស ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម។

សកម្មជនប្រជាធិបតេយ្យមីយ៉ាន់ម៉ាដ៏លេចធ្លោម្នាក់ទៀត គឺលោក ស មីន យូ (Kyaw Min Yu) ដែលស្គាល់ថា «Jimmy» ទទួលការកាត់ទោសប្រហារជីវិតដូចគ្នាពីតុលាការជាន់ខ្ពស់របស់របបសឹកនេះ ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល ដែលភ្ជាប់រូបថតរបស់បុរសទាំងពីរនាក់។

មែនទែនទៅ របបសឹកដែលមានឧត្តមសេនីយ៍ មីន អ៊ោងឡាំង ជា​ប្រមុខ បានប្រើប្រព័ន្ធតុលាការកាត់ទោសប្រហារជីវិតសកម្មជនប្រឆាំងការធ្វើរដ្ឋប្រហារជាច្រើននាក់មកហើយ ពោលគឺនេះគឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបជាប្រព័ន្ធលើអ្នកប្រឆាំងពួកគេ ។ ក៏ប៉ុន្តែមីយ៉ាន់ម៉ា មិនបានអនុវត្តទោសប្រហារជីវិតរាប់ទសវត្សរ៍មកហើយ។

ប្រទេសអាស៊ីអាគ្នេយ៍ មីយ៉ាន់ម៉ា នេះ បានធ្លាក់ផុងខ្លួនក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការធ្វើរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១មក ដោយមកទល់ពេលនេះ មនុស្សជាង១៤០០នាក់ហើយត្រូវបានសម្លាប់ក្នុងយុទ្ធនាការបង្ក្រាបយ៉ាងព្រៃផ្សៃពីសំណាក់យោធារបបសឹក ។

គូប្រជែងរបស់របបសឹក រួមមាន សម្ព័ន្ធមិត្តរបស់បក្សលោកស្រី ស៊ូជី និងសកម្មជនប្រជាធិបតេយ្យ បានរត់ទៅលាក់ខ្លួននៅទូទាំងប្រទេស ចំណែកអ្នកភូមិមីយ៉ាន់ម៉ាដែលស្វះស្វែងរំដោះជាតិពួកគេចេញពីកណ្ដាប់ដៃពួកមេដឹកនាំសឹក បានប្រែក្លាយខ្លួនជាទ័ពព្រៃ សំដៅការពារខ្លួនផង និងប្រឆាំងពួកសឹកផង៕   ប្រភព៖ channel news asia

Telegram