ចិនបញ្ជូនយន្តហោះចម្បាំងចិនរាប់សិបគ្រឿង ហោះក្បែរកោះតៃវ៉ាន់ ក្រោយ អាមេរិកនិងជប៉ុន បង្ហាញកម្លាំងទ័ពជើងទឹកដ៏ធំនៅសមុទ្រហ្វីលីពីន
អន្តរជាតិ
209

តៃប៉ិ៖ ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩គ្រឿងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដែលជា ការលុកលុយ ដ៏ធំបំផុត នៅឆ្នាំ២០២២នេះ។ ការហោះហើរដោយយន្តហោះរបស់កងទ័ពរំដោះប្រជាជននេះ បានកើតមានឡើងមួយ ថ្ងៃបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកជប៉ុន បានដាក់បង្ហាញកម្លាំងដ៏ធំនៅសមុទ្រហ្វីលីពីន។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តៃវ៉ាន់ បានរាយការណ៍ពីការលុកលុយដ៏ធំបំផុតចាប់តាំងពីខែតុលាឆ្នាំ ២០២១ ដោយកងកម្លាំងអាកាសរបស់ចិននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិរបស់កោះនេះបានអះអាងថា យន្តហោះចម្បាំងតៃវ៉ាន់បានព្យាយាមព្រមានយន្តហោះចំនួន ៣៩ គ្រឿងរបស់ចិនក្នុងភាពតានតឹងចុងក្រោយបង្អស់នាដើមឆ្នាំនេះ។

តៃវ៉ាន់ បានត្អូញត្អែរអស់រយៈពេលជាងមួយឆ្នាំ នៃបេសកកម្មម្ដងហើយម្ដងទៀតរបស់កងកម្លាំងអាកាសរបស់ចិន នៅជិតកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ ការលុកលុយធ្វើឡើងជាញឹកញាប់នៅតំបន់ភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះ ឬត្រូវបានគេស្គាល់ថា ADIZ នៅជិតប្រជុំកោះ Pratas ។

ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា បេសកកម្មចុងក្រោយបំផុតរបស់ចិនរួមមានយន្តហោះចម្បាំង ៣៤ គ្រឿង បូករួមទាំងយន្តហោះចម្បាំងអេឡិចត្រូនិក ៤ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកមួយ។ យន្តហោះទាំងនេះបានហោះនៅក្នុងតំបន់មួយនៅភាគឦសាននៃកោះ Pratas។

ជាការឆ្លើយតបនឹងការលុកលុយនេះ តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងទៅព្រមានយន្តហោះចិនទាំងនោះ ខណៈដែលប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យពួកវា។ មិន មាន ការ អត្ថាធិប្បាយ ភ្លាមៗ ពី ប្រទេស ចិននោះ។ គួរបញ្ជាក់ថា កាលពីពេល កន្លង មក ចិនបាន អះអាង ថា ទង្វើ បែប នេះ ជា សមយុទ្ធ ក្នុង គោល បំណង ការពារ អធិបតេយ្យភាព របស់ ប្រទេស។

ខណៈពេលដែលវាមិនច្បាស់ថាអ្វីដែលអាចជំរុញឱ្យប្រទេសចិនបំពេញបេសកកម្មទ្រង់ទ្រាយធំបែបនេះ ប៉ុន្តែការលុកលុយនេះត្រូវបានគេជឿថាធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធកងកម្លាំងទ័ពជើងទឹករបស់អាម៉េរិកនិងជប៉ុននៅសមុទ្រហ្វីលីពីន ដែលជាតំបន់ដ៏ធំដែលរួមមានដែនទឹកនៅភាគខាងកើតនៃកោះតៃវ៉ាន់។

កាលពីឆ្នាំមុន តៃវ៉ាន់បានរាយការណ៍ថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៤៨ គ្រឿងបានលុកលុយនៅតំបន់ភាគខាងត្បូងនិងភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់ខ្លួនក្នុងរយៈពេល ៤ ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។ ការលុកលុយនាពេលនោះធ្វើឡើងនៅថ្ងៃដែលប្រទេសចិនបានប្រារព្ធពិធីបុណ្យស្នេហាជាតិដ៏សំខាន់ ដែលជាទិវាជាតិ។

ចាប់តាំងពីពេលនោះមក តៃវ៉ាន់បានរាយការណ៍ថា ស្ទើរតែរៀងរាល់ថ្ងៃកងកម្លាំងទ័ពអាកាសរបស់ចិនចូលទៅក្នុងតំបន់ការពារអាកាសរបស់ខ្លួន ប៉ុន្តែចំនួនយន្តហោះកាលពីថ្ងៃអាទិត្យទី ២៣ ខែមករាឆ្នាំ ២០២២ នេះគឺជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីការលុកលុយក្នុងខែតុលាឆ្នាំមុន៕

ប្រភព៖ Channel News Asia

Telegram