រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន ក្រោយការបញ្ចប់កីឡាអូឡាំពិកទីក្រុងប៉េកាំង(មានវីដេអូ)
អន្តរជាតិ
362

អន្តរជាតិ៖ ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងជុំវិញពីលទ្ធភាពដែលរុស្ស៊ីនឹងការវាយប្រហារលើអ៊ុយក្រែននោះ មេទ័ពអ៊ុយក្រែនមួយរូបបានបញ្ជាក់ថា ការវាយប្រហាររបស់លើអ៊ុយក្រែន គឺជាប់ពាក់ព័ន្ធជាមួយការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ បើតាមសារព័ត៌មាន Bloomberg បានផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើដល់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឱ្យផ្អាកការឈ្លានពានអ៊ុយក្រែន រង់ចាំបញ្ចប់ការប្រកួតកីឡាអូឡំាពិកសិន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Times លោកឧត្តមសេនីយ៍ Alexander Pavlyuk មេបញ្ជាការកងទ័ពអ៊ុយក្រែនប្រកាសថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២២ ចំពេលដែលការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានបញ្ចប់។

មេទ័ពអ៊ុយក្រែនរូបនេះបញ្ជាក់ថា រុស្ស៊ីនឹងមិនធ្វើឱ្យខកខាន ប៉ះពាល់ដល់ការរៀបចំព្រឹត្តិការណ៍កីឡារបស់ប្រទេសសម្ពន្ធមិត្តនោះឡើយ។ ហើយលោកក៏បានព្រមានដល់ទីក្រុងមូស្គូ ថា ពលរដ្ឋអ៊ុយក្រែនបានត្រៀមលក្ខណៈរួចរាល់សម្រាប់កម្ចាត់រុស្ស៊ីដោយដៃទទេ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង គៀវ បានត្អូញត្អែរថា មិនទទួលបានជំនួយយោធាគ្រប់គ្រាន់ សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី ហើយការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីតាមសំណើរបស់អ៊ុយក្រែនក៏យឺតយ៉ាវទៀត។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសរុស្ស៊ី បានប្រតិកម្មយ៉ាងខ្លាំងចំពោះសារព័ត៌មាន Bloomberg ដែលបានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី២២ខែមករាថា ប្រធានាធិបតីចិន ស្នើប្រធានាធិបតីរុស្ស៊ី ពន្យារពេលវាយប្រហារអ៊ុយក្រែន នេះជាព័ត៌មានក្លែងក្លាយ ជាសកម្មភាពឌឺដង់ ញុះញង់។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងម៉ូស្គូ រំពឹងថានឹងមានការបង្កហេតុពីសហរដ្ឋអាមេរិក និងទីក្រុងគៀវ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលការបង្កហេតុខាងយោធា។

លោកស្រី បានសរសេរនៅលើបណ្តាញ Telegram របស់លោកស្រីថា«យើងកំពុងរំពឹងថានឹងមានការញុះញង់ពីសហរដ្ឋអាមេរិក និងទីក្រុងគៀវ ដែលដឹកនាំដោយពួកគេ ទាំងព័ត៌មាន និងវាមិនអាចត្រូវបានគេច្រានចោលនោះឡើយ»។

បស្ចិមប្រទេស និងទីក្រុងគៀវនាពេលថ្មីៗនេះ បាននិងកំពុងផ្សព្វផ្សាយការចោទប្រកាន់អំពីសក្តានុពលរបស់រុស្ស៊ី «ការឈ្លានពាន»លើអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកការអះអាងទាំងនេះថាជា «គ្មានការពិត និងគ្មានមូលដ្ឋាន» ដោយបានប្រើជាឧបាយកលក្នុងការបង្កើនភាពតានតឹង ដោយចង្អុលបង្ហាញថា រុស្ស៊ី មិនបានគំរាមកំហែងអ្វីដល់នរណាម្នាក់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov មិនបានច្រានចោលនូវលទ្ធភាពនៃការបង្កហេតុ ដែលមានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវ នៃការចោទប្រកាន់នោះទេ ហើយបានព្រមានថា ការប៉ុនប៉ងប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយវិបត្តិនៅភាគអាគ្នេយ៍អ៊ុយក្រែននឹងមានផលវិបាកធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា មេទ័ព Alexander Pavlyuk មិនមែនជាមនុស្សតែមួយគត់ដែលបានផ្សារភ្ជាប់រវាងការប្រកួតកីឡា អូឡាំពិកទីក្រុងប៉េកាំង និងការឈ្លានពានអ៊ុយក្រែនពីរុស្ស៊ី។ កន្លងមកក៏មានមន្ត្រីជាច្រើនបានលើកឡើងបែបនេះផងដែរ៕

ប្រភព៖ Bloomberg

Telegram