តុងហ្កា ៖ បន្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាបំផុតនៃភ្នំភ្លើងក្រោមបាតសមុទ្រ រហូតបង្កជារលកស៊ូណាមិ កាលពីពេលកន្លងទៅ នៅឯប្រទេសដីកោះតុងហ្កា (Tonga) នៃភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចេញថាមពលស្មើនឹងកម្លាំងគ្រាប់បែកបរមាណូ ដែលត្រូវបានទម្លាក់ទៅលើ ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោក ដល់ទៅរាប់រយដងឯណោះ។ នេះបើយោងការអះអាងរបស់អង្គការ NASA នៃសហរដ្ឋអាមេរិក ។
សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌល Goddard Space Flight Center របស់អង្គការ NASA បាននិយាយថា ភ្នំភ្លើងឈ្មោះ តុងហ្កា ហាំងហ្កា ហាអាប៉ៃ (Hunga Tonga-Hunga Ha’apai) បានជះផ្សែង-ផេះ និងកម្ទេចកម្ទីឡើងលើផ្ទៃអាកាស កម្ពស់ខ្ពស់រហូតដល់ ៤០គីឡូម៉ែត្រឯណោះ នៅពេលដែលវាផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមករា និងបង្កឱ្យមានរលកស៊ូណាមិ។ លោក ជីម ហ្កាវីន (Jim Garvin) អ្នកវិទ្យាសាស្រ្តមួយរូបរបស់ NASA បានលើកឡើងយ៉ាងដូច្នេះថា «តាមការយល់ឃើញរបស់ពួកយើង គឺបរិមាណនៃថាមពល ដែលបញ្ចេញដោយព្រឹត្តិការណ៍បន្ទុះភ្នំភ្លើងនោះ គឺស្មើនឹងខ្ទង់ចន្លោះ ៥-៣០មេហ្កាតោននៃសារធាតុផ្ទុះ TNT»។
ដូច្នេះហើយ NASA បានអះអាងថា បន្ទុះភ្នំភ្លើង Hunga Tonga-Hunga Ha’apai គឺខ្លាំងជាងគ្រាប់បែកបរមាណូអាមេរិក ដែលត្រូវបានទម្លាក់លើទីក្រុងជប៉ុន កាលពីខែសីហា ឆ្នាំ១៩៤៥ នោះ «រាប់រយដង » ដោយថាមពលរបស់គ្រាប់បែកនោះ ត្រូវគេប៉ាន់ប្រមាណថា គឺប្រហែល ១៥គីឡូតោននៃ TNT។
គួរបញ្ជាក់ថា ប ន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ បំផ្លាញផ្ទះរាប់រយខ្នង និងធ្វើឲ្យ កោះដាច់ស្រយាលនេះ ត្រូវបាន កាត់ផ្តាច់ចេញពីពិភពលោកដោយមិនមានប្រព័ន្ធទំនាក់ទំនង។ ខណៈប្រទេសមួយចំនួន រួមមានជប៉ុន នូវែលសេឡង់ និងអូស្រ្តាលី បាននាំគ្នាជួយផ្គត់ផ្គង់សម្ភារចាំបាច់បន្ទាន់ផ្សេងៗ ដល់ប្រទេសដីកោះតូចមួយនេះ៕
ប្រភព៖ CNN