សហរដ្ឋអាមេរិក ប្រកាសដាក់ទ័ព៨,៥០០នាក់ឲ្យប្រុងជើងការ ត្រៀមជួយអង្គការ NATO និងអ៊ុយក្រែន ទប់ទល់ជាមួយរុស្ស៊ី(មានវីដេអូ)
អន្តរជាតិ
340

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានអះអាង នៅថ្ងៃចន្ទសប្តាហ៍នេះថា កងទ័ពរបស់ខ្លួនសរុប ៨,៥០០នាក់ ត្រូវបានបញ្ជាឲ្យប្រុងជើងការរួចជាស្រេច ដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO ត្រូវការ ឆ្លើយតបនឹងស្ថានការណ៍តានតឹងកាន់តែខ្លាំង ខណៈដែលកងទ័ពរុស្ស៊ីបានប្រមូលផ្តុំគ្នា នៅតាមព្រំដែនអ៊ុយក្រែន។ នេះបើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ការអះអាងនេះបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញសេចក្តីថ្លែងការណ៍អំពី ការត្រៀមដាក់ពង្រាយបញ្ជា តាមការណែនាំរបស់ប្រធានាធិបតី ចូ បៃឌិន ដែលជាជំហានចុងក្រោយបង្អស់ ដែលសហរដ្ឋអាមេរិកបានអនុវត្ត ដើម្បីត្រៀមលក្ខណៈសម្រាប់ការលុកលុយដ៏មានសក្តានុពលរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលក្រុមមន្ត្រីបានព្រមានថាអាចនឹងកើតមាន។

អ្នកនាំពាក្យមន្ទីរការពារជាតិអាមេរិកបញ្ចកោណ លោក ចន ខឺប៊ី (John Kirby) បានលើកឡើងថា កងទ័ពអាមេរិកប្រមាណ ៨,៥០០នាក់ ត្រូវបានប្រាប់ឲ្យប្រុងជើងការរួចរាល់ហើយ ដើម្បីត្រៀមចេញប្រតិបត្តិការ តបតាមគោលការណ៍អង្គការ NATO។ ប៉ុន្តែលោកបានបន្ថែមថា ទាហាននឹងត្រូវបាន«ដាក់ពង្រាយដើម្បីត្រៀមខ្លួនសម្រាប់ឧបទ្ទវហេតុផ្សេងទៀតផងដែរ» ។ លោក ខឺប៊ី បានសង្កត់ធ្ងន់ថា គិតត្រឹមរសៀលថ្ងៃច័ន្ទនេះ មិនទាន់មានការសម្រេចចិត្តចុងក្រោយ ក្នុងការដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែននោះទេ។

ទោះបីជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ មិនបានបង្ហាញការគាំទ្រទៅអ៊ុយក្រែនដោយចំពោះ ព្រោះតែអ៊ុយក្រែនមិនមែនជាសមាជិក NATO ក៏ដោយ ប៉ុន្តែនេះជារឿងធម្មតា ដែលសហរដ្ឋអាមេរិកត្រូវគាំទ្រអង្គការ NATO ក្នុងការរៀបចំទប់ទល់នឹងការបង្កើនទ័ព និងសព្វាវុធពីសំណាក់រុស្ស៊ី។

គួរបញ្ជាក់ថា ភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិក និងរុស្ស៊ី ផ្តើមចេញពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដែលជឿថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាលទ្ធភាពកើតឡើង ដោយអាមេរិក បាន ចោទប្រកាន់ រុស្ស៊ី ថា បាន ដាក់ ទាហាន ជាង ១០ ម៉ឺន នាក់ នៅ តាម បណ្តោយ ព្រំដែន រុស្ស៊ី - អ៊ុយ ក្រែ ន ក្នុង ចេតនា ឈ្លានពាន ទឹកដី អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា« អ៊ុយក្រែន ត្រូវបានលោកខាងលិចប្រើប្រាស់ ជាឧបករណ៍នៃឥទ្ធិពលនៃការអនុវត្តផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ ដែលធ្វើឱ្យស្ថានការណ៍មានអស្ថិរភាព និងចោទប្រកាន់ រុស្ស៊ី ដោយគ្មានទីបញ្ចប់»។

លើសពីនេះ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការ NATO ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៊ី ដែលរងការចោទប្រកាន់ពី ក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល ១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន។

ចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជា ការត្រៀមលក្ខណៈលើកទ័ពចូលអ៊ុយក្រែន នៅចុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ដោយឡែក ខាងរុស្ស៊ីវិញ ក៏បានចេញមុខបដិសេធជាច្រើនផងដែរថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែបានព្រមានទុកជាមុន ក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយ ពីអ៊ុយក្រែន និង NATO៕

ប្រភព៖ CNN

Telegram