សេអ៊ូល៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់អ្វីដែលមើលទៅដូចជា មីស៊ីលចេញពីនាវាពីរគ្រាប់ ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអង្គារ (២៥ មករា) ប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងមីស៊ីលបាលីស្ទីក។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ការបាញ់សាកល្បងបែបនេះ នឹងក្លាយជាការបាញ់សាកល្បង មីស៊ីលលើកទី៥ ក្នុងឆ្នាំនេះ ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាថា នឹងពង្រឹងវិស័យយោធា ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ខណៈដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានជាប់គាំង។
ការបាញ់សាកល្បងដ៏ធំបំផុតរបស់ប្រទេសឯកោមួយនេះ ចាប់តាំងពីឆ្នាំ ២០១៩ បានជំរុញឱ្យមានការបង្ហាញការព្រួយបារម្ភពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយរដ្ឋបាល លោកបៃឌិន បានអនុវត្តទណ្ឌកម្មថ្មី។
ការបាញ់មីស៊ីលឆ្លងទ្វីបដោយកូរ៉េខាងជើង មិនត្រូវបានហាមឃាត់ក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដាក់លើទីក្រុងព្យុងយ៉ាង ដែលបានផ្គើននឹងការថ្កោលទោសអន្តរជាតិ និងបានធ្វើតេស្តមីស៊ីលផ្លោងចំនួនបួនលើក ដែលជាចុងក្រោយបំផុតកាលពីថ្ងៃទី ១៧ ខែមករានេះ។
បន្ថែមពីនេះ ប្រទេសចិន និងរុស្ស៊ី បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដកការហាមឃាត់លើការនាំចេញរូបសំណាក អាហារសមុទ្រ និងវាយនភណ្ឌរបស់ទីក្រុងព្យុងយ៉ាង និងបង្កើនការនាំចូលប្រេងចម្រាញ់។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែលុះត្រាតែសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដកចោលនូវ«គោលនយោបាយអរិភាព»ដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធា៕
ប្រភព៖ Channel News Asia