មូស្គូ៖ ទីក្រុងមូស្គូកាលពីថ្ងៃអង្គារ(ទី២៥ខែមករា)បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការបង្កើនភាពតានតឹងលើអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទ័ពអាមេរិកប្រមាណ ៨,៥០០នាក់ ឱ្យប្រុងជើងការខ្ពស់ ចំពោះការដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប ដើម្បីត្រៀមចេញប្រតិបត្តិការ តបតាមគោលការណ៍អង្គការ NATO។ នេះបើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ប្រទេសលោកខាងលលិចកំពុងចោទប្រកាន់ រុស្សី ដែលកំពុងប្រមូលផ្តុំកងទ័ព ១០០,០០០ នាក់ នៅតាមព្រំដែនអ៊ុយក្រែន ពីការរៀបចំការលុកលុយដ៏មានសក្តានុពលលើប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយលោកខាងលិច។
ការបង្កើនកងទ័ពបានបង្កឱ្យមានវិបត្តិដ៏ធំបំផុតនៅក្នុងទំនាក់ទំនងបូព៌ា-ខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានធ្វើការហៅទូរស័ព្ទអស់ជាច្រើនម៉ោង ជាមួយមេដឹកនាំអឺរ៉ុបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។
លោក បៃឌិន បាននិយាយថា មាន«ឯកភាពទាំងស្រុង» លើវិធីដោះស្រាយជាមួយ រុស្ស៊ី ខណៈដែលមន្ទីរបញ្ចកោណបាននិយាយថា ទាហានអាមេរិកចំនួន៨,៥០០នាក់ កំពុងត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ ហើយណាតូបាននិយាយថា ខ្លួនកំពុងបញ្ជូននាវា និងយន្តហោះចម្បាំងទៅពង្រឹងការការពារតំបន់អឺរ៉ុបខាងកើត។
ទីក្រុងមូស្គូ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លោក Dmitry Peskov បាននិយាយថា សកម្មភាពទាំងនេះគ្រាន់តែជាការបន្ថែមបរិយាកាសឲ្យកាន់តែតានតឹងរួចទៅហើយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា«សហរដ្ឋអាមេរិកកំពុងបង្កើនភាពតានតឹង»។ «យើងកំពុងមើលសកម្មភាពរបស់អាមេរិកទាំងនេះដោយក្តីបារម្ភយ៉ាងខ្លាំង»។
ជាមួយគ្នានេះ រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការឈ្លានពានអ៊ុយក្រែននោះទេ ។ ជំនួសមកវិញ ទីក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិច ពីការបង្កើនភាពតានតឹងជាមួយនឹងការដាក់ពង្រាយ និងការគាំទ្រសម្រាប់អ៊ុយក្រែន ដែលជាអតីតសាធារណរដ្ឋសូវៀត។
លើសពីនេះទៅទៀត កិច្ចចរចាជាបន្តបន្ទាប់នៅក្នុងទីក្រុងនានានៅអឺរ៉ុបក្នុងខែនេះ បានបរាជ័យក្នុងការបន្ធូរបន្ថយភាពតានតឹង ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីបន្តការពិភាក្សាក៏ដោយ។
គួរបញ្ជាក់ថា រុស្ស៊ីបានស្នើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខ រួមទាំងការធានាថា អ៊ុយក្រែនមិន ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូ និងថា កងកម្លាំងសម្ព័ន្ធភាពមិនពង្រីកទៅភាគខាងកើត ខណៈដែលក្រុងម៉ូស្គូចាត់ទុកថា ទង្វើបែបនេះជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។
សហរដ្ឋអាមេរិក និងអង្គការណាតូ បានច្រានចោលការទាមទារ និងបានប្រាប់ រុស្ស៊ី ឱ្យដកខ្លួនចេញពីព្រំដែនអ៊ុយក្រែន ដោយព្រមានថា ការវាយប្រហារនឹងបង្កឱ្យមានការខូចខាត និងការ ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាវត្តមានរបស់អង្គការណាតូដែលកំពុងកើនឡើងនៅអឺរ៉ុបខាងកើតផងដែរ៕
ប្រភព៖ The Moscow Times