សិល្បៈក និងជាតន្ត្រីករមួយរូប គឺលោករីណូ (Reno) ទទួលមរណភាពហើយដោយសារជំងឺរបេងកូនកណ្តុរ និងសួនធ្ងន់ធ្ងរ
សន្តិសុខសង្គម
400

រាជធានីភ្នំពេញ ៖ ពិតជាដំណឹងដ៍សោកសៅនិងក្រៀមក្រំមួយ សម្រាប់អ្នកសិល្បៈរួមអាជីព ខណៈ សិល្បៈក និងជាតន្ត្រីករមួយរូប គឺលោករីណូ (Reno) បានទទួលមរណភាព ហើយដោយសារជំងឺរបេងកូនកណ្តុរ និងសួនធ្ងន់ធ្ងរ នៅវេលាម៉ោង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។

ការបាត់បង់ជីវិតរបស់ តន្ត្រីករ រូបនេះ បានធ្វើឲ្យបណ្តារអ្នកសិល្បៈជាច្រើននាក់ បង្ហាញនូវភាពតក់ស្លុត ស្ទើរតែមិនអាចទទួលយកបាន ខណៈលោក គឺជាតន្ត្រីករមួយរូប ដែលមានសមត្ថភាពខាងតន្ត្រី និងមានអត្តចរិតស្លូតបូត ជួយលើកទឹកចិត្ត ជ្រោមជ្រែង ជួយបង្ហាត់ដល់តន្ត្រីករជំនាន់ក្រោយ ដែលចង់ក្លាយជាតន្ត្រីករអាជីព ហើយលោកក៏បានបន្សល់នូវស្នាដៃ ក្នុងបទចម្រៀងជាច្រើន និងបន្សល់រូបថតអនុស្សាវរីយ៍ជាមួយនឹង សិល្បៈក និងតន្ត្រីករ ល្បីៗជាច្រើននាក់ផងដែរ មិនគួរណាលោក មកបាត់បង់ជីវិត ទាំងវ័យក្មេងនោះទេ ។

តាមការបញ្ជាក់ពីម្តាយរបស់ តន្ត្រីករលោក Reno បានរៀបរាប់ទាំងអួលដើមក ថា កូនរបស់គាត់មានឈ្មោះពិតគឺ ពួន បារាំង មានអាយុ២៩ឆ្នាំហើយឆ្នាំនេះ ។ កូនរបស់គាត់មានអត្តចរិតស្លូតបូត ហើយស្រឡាញ់ខាងសិល្បៈណាស់ ដោយបានបែកចេញពីម្តាយឪពុក មកប្រឡូកសិល្បៈប្រមាណ១០ឆ្នាំមកហើយ ចេញមកដោយខ្លួនទទេ ខំប្រឹងតស៊ូ មិនដែលឲ្យពុកម្តាយពិបាកចិត្តទេ សូម្បីតែឈឺជំងឺរបេងកូនកណ្តុរ និងសួន នេះក៏ដោយ គឺបៀមលាក់ទុកតែម្នាក់ឯង ខ្លាចម៉ែឪពុកពិបាកចិត្តសុខចិត្តទិញថ្នាំលេបខ្លួន ឯង រហូតដល់សភាពធ្ងន់ធ្ងរទៅហើយ កូនចាប់ផ្តើមស្គមស្គាំង គាត់ជាឪពុកម្តាយក៏ហៅកូនមកផ្ទះ និងខំស្វះស្វែង យកកូនទៅមន្ទីរពេទ្យគ្រប់កន្លែង តែមិនជាសោះ រហូតស្លាប់បែបនេះ ។

អ៊ុស្រីបានបន្តថា សពកូនរបស់គាត់នឹងត្រូវបូជានៅចន្លោះពីម៉ោង១២ ដល់ម៉ោង២ថ្ងៃទី១១ ខែកុម្ភៈនេះ ទីតាំងធ្វើបុណ្យនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយបុណ្យ៧ថ្ងៃ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៦ ខែកុម្ភៈ សូមអញ្ជើញមិត្តរួមសិល្បៈដែលស្រឡាញ់រាប់អានលោក រីណូ អាចអញ្ជើញចូលរួមពិធីបុណ្យសពបាន ឬក៏អាចទាក់ទងតាមរយៈលេខទូរសព្ទ របស់ម្តាយលោករីណូ ផ្ទាល់ គឺលេខ ០៨៥ ៩០៩ ៧៦០ ៕


Telegram