ឱមីងអើយមីង! ចាស់ទៅហើយ ខំស្កាត់ឆ្លងដរផង ជិះឡានឈ្នួលផង មកទិញថ្នាំញៀនជក់ ជក់រួចត្រឡប់មកវិញ លាក់ថ្នាំញៀនក្នុងអាវទ្រនាប់ ត្រូវសមត្ថកិច្ចស្ទាក់ជាប់
សន្តិសុខសង្គម
38

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុកនឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយស្កាត់ឆ្លងដរ ជិះឡានឈ្នួល មកទិញថ្នាំញៀនជក់ ជក់រួចត្រឡប់មកវិញ ដោយលាក់ថ្នាំញៀនក្នុងអាវទ្រនាប់ ត្រូវសមត្ថកិច្ចស្ទាក់ជាប់ កាលពីវេលាម៉ោង ២និង ៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវលំ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុន ង៉ា ភេទ ស្រី អាយុ ៤៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល និងបានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោមរួច លទ្ធផលវិជ្ជមាន (+)។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទមេតាំហ្វេតាមីន (Ice) ចំនួន០២ កញ្ចប់តូច ទម្ងន់ថ្នាំសរុប ០.៥៨g(សូន្យក្បៀសហាសិបប្រាំបីក្រាម) និងកែវសម្រាប់ជក់ថ្នាំញៀន ០១ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងអន្តរាគមន៍ ស្រុកល្វាឯម បានធ្វើការល្បាត ក្នុងភូមិសាស្ត្រ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ក៏ប្រទះឃើញជនសង្ស័យ កម្លាំងសមត្ថកិច្ចបានឃាត់ឆែកឆេរ រកឃើញថ្នាំញៀន ចំនួន០២ កញ្ចប់តូច កែវសម្រាប់ជក់ថ្មាំញៀន ០១ ដាក់ក្នុងអាវត្រនាប់ ពេលនោះកម្លាំងជំនាញក៏ឃាត់នាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាងថ្នាំញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យ ឈ្មោះ ប៊ុន ង៉ា បានឆ្លើយសារភាពថា កន្លងមកខ្លួនតែងតែឆ្លងដរផ្លូវត្រី នៅភូមិផ្លូវត្រី ឃុំថ្មគរ ទៅកៀនស្វាយ ដើម្បីជិះឡានឈ្នួលទៅទិញថ្នាំញៀន (ម៉ាទឹកកក) នៅម្ដុំច្រាំងបាក់ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់  ដោយទិញម្ដងៗតម្លៃចាប់ពី ប្រាំពីរម៉ឺនទៅ ប្រាំបីម៉ឺនរៀល។ លុះនៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ វេលាម៉ោង ១២ ខ្លួនបានឆ្លងដរផ្លូវត្រី រួចជិះឡានឈ្នួលទៅច្បារអំពៅម្ដុំច្រាំងបាក់ ដើម្បីទិញថ្នាំញៀនពេលទៅដល់ច្បារអំពៅ ក៏ចុះពីឡានឈ្នួលដើរទៅម្ដុំច្រាំងបាក់ដើម្បីទិញថ្នាំ ចំនួន ០២កញ្ចប់តូចក្នុងតម្លៃ ប្រាំមួយម៉ឺនរៀល ពេលទិញបានហើយ អ្នកលក់បានឱ្យកែវសម្រាប់ជក់ និងរំលែកថ្នាំញៀនខ្លះឲ្យខ្លួនប្រើប្រាស់នៅទីនោះ ពេលប្រើប្រាស់រួចហើយនាងខ្ញុំបានយកថ្នាំញៀន (ម៉ាទឹកកក) និងកែវសម្រាប់ជក់ថ្នាំញៀនដាក់ចូលក្នុងអាវទ្រនាប់ រួចជិះឡានឈ្នួលត្រឡប់មកវិញ ពេលឆ្លងដរផ្លូវត្រីដល់ត្រើយម្ខាងស្រុកល្វាឯម ក៏មាន សមត្ថកិច្ចឃាត់សួរនាំ និងឆែកឆេរឃើញថ្នាំញៀន០២កញ្ចប់និងកែវសម្រាប់ជក់០១ រួចសមត្ថកិច្ចក៏នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមតែម្ដង។

ពេលនេះ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងនិង ចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram