ធ្លាប់ជាប់គុក ៣ឆ្នាំអត់រាង លើកនេះឈរកាន់សុទ្ធតែកាំបិតបុ័ងតោជួញដូរគ្រឿងញៀន ឃើញសមត្ថកិច្ចភ្លាមដេញកាប់ទាំងសមត្ថកិច្ចទៀត!
សន្តិសុខសង្គម
56

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់គុក ៣ឆ្នាំអត់រាង លើកនេះឈរកាន់សុទ្ធតែកាំបិតបុ័ងតោជួញដូរគ្រឿងញៀន ឃើញសមត្ថកិច្ច ដេញកាប់ទាំងសមត្ថកិច្ចទៀតរួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងចាប់ខ្លួនបានមកវិញ។

ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង ឆាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្វើតេស្តទឹកនោមវិជ្ជមានសារធាតុញៀន ដោយជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារចំនួនមួយលើក រយៈពេល៣ ឆ្នាំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ ទម្ងន់ថ្នាំ ០,៧២ ក្រាម កាំបិតតាំងតោចំនួន០១ ដែកកេះចំនួន០២។

សូមបញ្ជាក់ថា មុនពេលកើតហេតុ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អម្នាក់ រាយការណ៍ថា នៅផ្ទះរបស់ឈ្មោះ ហេង ឆាង ភេទប្រុស អាយុ២៩ឆ្នាំ មានការប្រើប្រាស់និង ចែកចាយគ្រឿងញៀន ។ ភ្លាមនោះលោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំងទៅដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ កំពុងឈរកាន់កាំបិតតាំងតោ កម្លាំងសមត្ថកិច្ចក៏បានចូលទៅសួរនាំ ស្រាប់តែជនសង្ស័យដេញកាប់កម្លាំងសមត្ថកិច្ចហើយក៏រត់គេចខ្លួនបាត់តែម្តង។ លុះដល់វេលាម៉ោង ២០ និង ៣០នាទីជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបានដកហូតកាំបិតតាំងតោចេញពីជនសង្ស័យរួចឆែកឆេរក្នុងខ្លួនជនសង្ស័យរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោក្រោយខាងស្តាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហេង ឆាង បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា  ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនោះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់ឈ្មោះ ប៉ាន ក្តឹប ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១៦០,០០០រៀល(ដប់ប្រាំមួយមឺនរៀល) ដើម្បីយកទៅលក់បន្តក្នុងមួយកញ្ចប់តូចតម្លៃ ២០០០០រៀល(ពីរម៉ឺនរៀល)និងសម្រាប់ទុកប្រើប្រាស់ខ្លួនឯងផង។

ពេលនេះ ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនិតិវិធីនៃច្បាប់ ៕


Telegram