អន្តរជាតិ៖ នៅពេលដែលអ៊ុយក្រែនកំពុងតែប្រយុទ្ធ ដោយសារមីស៊ីល ប្រឆាំងរថក្រោះ និងប្រឆាំងយន្តហោះ ដែលអាមេរិកកំពុងផ្គត់ផ្គង់នោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតអាវុធ Raytheon បានព្រមាន ថា ក្រុមហ៊ុននឹងមិនអាចបំពេញឃ្លាំងស្តុកទុករបស់មន្ទីរបញ្ចកោណបានទេ យ៉ាងហោចណាស់ជាច្រើនឆ្នាំ ដោយសារតែ កង្វះខាតគ្រឿងបន្លាស់អេឡិចត្រូនិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
ស្របពេលដែលមីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះ ដែលអាមេរិកផ្តល់ដល់ទីក្រុងកៀវ កំពុងត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ជាមួយកងកម្លាំងរុស្ស៊ីនោះ នាយកប្រតិបត្តិក្រុមហ៊ុន Raytheon លោក ហ្ក្រេច ហាយយេស (Greg Hayes) បានលើកឡើង ថា «ការផលិតមីស៊ីល Stinger ថ្មីអាចនឹងចំណាយ ពេលច្រើនឆ្នាំ ដោយសារការខ្វះសមាសធាតុផលិត, យើងត្រូវរចនាឡើងវិញនូវគ្រឿងអេឡិចត្រូនិកមួយចំនួននៃមីស៊ីល និងក្បាលគ្រាប់ហើយវាអាច នឹងចំណាយពេលបន្តិច»។
លោក Hayes បានសំដៅជាពិសេសទៅលើ Stinger ដែលជាមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងការពារដែនអាកាសដែល មន្ទីរបញ្ចកោណកំពុងផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន។
សហរដ្ឋអាមេរិក បាន និងកំពុងបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ Javelin ទៅកាន់ទីក្រុងកៀវ ខណៈមន្ត្រីអ៊ុយក្រែន បានប្រាប់សហរដ្ឋអាមេរិក កាលពីខែមុនថា ពួកគេត្រូវការមីស៊ីល Stingers និងមីស៊ីលប្រឆាំងរថក្រោះ Javelin ចំនួន៥០០គ្រឿងក្នុងមួយថ្ងៃ។ បើតាមក្រុមហ៊ុន Raytheon ខ្លួនមិន បានផលិត Stingers សម្រាប់យោធាអាមេរិក រយៈពេលជិត២០ឆ្នាំមកហើយ ដូច្នេះស្តុកសម្ភារៈមានកំណត់ ហើយមន្ទីរបញ្ចកោណ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីប្រមូលធនធាននៃសម្ភារៈទាំងនោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាថានឹង«បន្តផ្លាស់ប្តូរទីអាកាស និងលើដី» ដូច្នេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាចផ្គត់ផ្គង់អ៊ុយក្រែន និងជួយឱ្យប្រទេសនេះ «ឈ្នះ»ក្នុងជម្លោះជាមួយរុស្ស៊ី។ លោក ស្ថិតនៅក្នុងទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ដោយធ្វើជាអធិបតីក្នុងកិច្ចប្រជុំតំណាងមកពីប្រទេសជិត ៤០ ដែលបានសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ទស្សនកិច្ចនៅទីក្រុងគៀវកាលពីចុងសប្តាហ៍ លោក Austin បាននិយាយថា សហរដ្ឋអាមេរិក ចង់ឃើញប្រទេសរុស្ស៊ី «ចុះខ្សោយ»ដោយសារជម្លោះដែលកំពុងបន្ត៕