លោក Zelensky អះអាងថា អ៊ុយក្រែន មិនបានវាយប្រហារទីលំនៅឋាននៅលើទឹកដីរុស្ស៊ីនោះទេ
អន្តរជាតិ
342

អន្តរជាតិ៖ ក្នុងរយៈពេលមួយខែកន្លងមកនេះ អាជ្ញាធររុស្ស៊ី នៅក្នុងតំបន់ជាប់ព្រំដែនអ៊ុយក្រែន បានរាយការណ៍ជាទៀងទាត់នូវការបាញ់ផ្លោងដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងធំ និងសូម្បីតែការវាយឆ្មក់តាមអាកាសទៅលើការតាំងទីលំនៅ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ជាពិសេសស្ពាន ដោយយោធាអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងគៀវ បដិសេធមិនធ្វើអត្ថាធិប្បាយ លើការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការវាយប្រហារនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អារ៉ាប់ Al-Arabiya និង Al-Hadath ថា កងទ័ពអ៊ុយក្រែន មិនធ្វើប្រតិបត្តិការលើទឹកដីរុស្ស៊ីនោះទេ ទោះបីជាមានករណីជាច្រើននៃការបាញ់ផ្លោងនៅតំបន់ព្រំដែនរុស្ស៊ី ដោយអ៊ុយក្រែនក៏ដោយ។

យោងតាមលោក Zelensky ជម្លោះនេះគឺ ស្ថិតនៅក្នុង ទឹកដីអ៊ុយក្រែន ហើយមិនបានរីករាលដាលដល់ប្រទេសរុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែនមិនធ្វើប្រតិបត្តិការប្រយុទ្ធនៅលើដីរុស្ស៊ីនោះទេ។

លោក បញ្ជាក់ ទៀត ថា យោធា កំពុង ការពារ មាតុភូមិ របស់ ខ្លួន ហើយ គ្មាន ចេតនា កាន់កាប់ ទឹកដី រុស្ស៊ី ឡើយ។

កាលពីពាក់កណ្តាលខែមេសា បន្ទាប់ពីមានរបាយការណ៍របស់អាជ្ញាធររុស្ស៊ី នៃឧទ្ធម្ភាគចក្រ Mi-24 របស់អ៊ុយក្រែន បានវាយប្រហារលើ មូលដ្ឋានប្រេងក្នុងទីក្រុង Belgorod ប្រទេសរុស្ស៊ី, លោក Zelensky បានបដិសេធមិនឆ្លើយដោយផ្ទាល់ ចំពោះសំណួរថា តើអាកាសយានិក មានបញ្ជាវាយប្រហារតាមអាកាសឬទេ ដូច្នេះហើយក៏មិនបញ្ជាក់ឬបដិសេធការចូលរួមរបស់ទីក្រុងគៀវ ដែរ។

ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី២៩ ខែមេសា នៅតំបន់ Bryansk ដែលស្ថិតនៅភាគខាងជើង នៃតំបន់ Chernigov និង Sumy របស់អ៊ុយក្រែន ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន Belaya Berezka ត្រូវបានទទួលរងនូវការបាញ់កាំភ្លើងត្បាល់ពីអ៊ុយក្រែន។ មិន មាន អ្នក រង របួសនោះ ទេ ដូច អភិបាល តំបន់ បាន រាយការណ៍។ នៅថ្ងៃបន្ទាប់ អភិបាលខេត្តបាននិយាយថា ប្រព័ន្ធការពារដែនអាកាសនៃតំបន់បានរារាំងយន្តហោះរបស់កងទ័ពអាកាសអ៊ុយក្រែនមិនឱ្យចូលប្រទេសរុស្ស៊ី៕

ប្រភព៖ Sputnik

Telegram