អន្តរជាតិ៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានព្រមានវាយប្រហារលើការដឹកជញ្ជូនគ្រឿងសព្វាវុធរបស់អង្គការណាតូ នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងមានសង្គ្រាម។
យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA បានស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលបាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីនឹងពិចារណាលើការដឹកជញ្ជូនអាវុធរបស់អង្គការណាតូនៅក្នុងប្រទេសអ៊ុយក្រែនជាគោលដៅវាយប្រហារ។
លោករដ្ឋមន្ត្រី Shoigu ក៏បានឲ្យដឹងដែរថា កងទ័ពអ៊ុយក្រែនដែលស្ថិតនៅរោងចក្រដែក Azovstal ដ៏ធំទូលាយក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែនត្រូវបានរក្សាទុកនៅក្នុងការបិទផ្លូវដោយសុវត្ថិភាព បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ជាឲ្យបិទយ៉ាងសកម្ម។
អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពីប្រទេសលោកខាងលិចបានកំពុងដឹកជញ្ជូនគ្រឿងសព្វាវុធស្ទើររាល់ថ្ងៃដូចជា កាំភ្លើងធំ រថក្រោះ រថពាសដែក អាវុធប្រឆាំងយន្តហោះ អាវុធប្រឆាំងរថក្រោះ និងគ្រាប់រំសេវជាច្រើន ឆ្លងកាត់ប្រទេសផ្សេងមុនពេលឆ្លងព្រំដែនចូលអ៊ុយក្រែ។ បន្ទាប់មកពួកគេដឹកអាវុធនៅក្នុងប្រទេសអ៊ុយក្រែនយកទៅឲ្យកងកម្លាំងទាហានអ៊ុយក្រែនដែលនឹងអាចក្លាយជាការគោលដៅវាយប្រហាររបស់រុស្ស៊ី៕
ប្រភព៖ Reuters