រុស្ស៊ី អះអាងថា អាមេរិកបានចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី
អន្តរជាតិ
393

អន្តរជាតិ៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Vyacheslav Volodin ដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងសម្របសម្រួលប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះត្រូវបានរូបលោកផ្ទាល់ចាត់ទុកថា សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពយោធាប្រឆាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសារមួយបង្ហោះលើឆាណែល Telegram នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក Volodin ដែលជាប្រធានសភាជាន់ទាបរុស្ស៉ី បាន និយាយថា «ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការសម្របសម្រួលប្រតិបត្តិការយោធា ដែលនេះជាការចូលរួមដោយផ្ទាល់ក្នុងសកម្មភាពយោធាប្រឆាំងនឹងប្រទេសរបស់យើង»។

លោក Volodin មិនបានផ្ដល់ភស្តុតាង ឬព័ត៌មានលម្អិតអ្វីបន្ថែមលើសពីនេះទេ ប៉ុន្តែការអត្ថាធិប្បាយខាងលើរបស់លោក កើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ចារកម្មអាមេរិកបានផ្ដល់ព័ត៌មានសម្ងាត់ ដើម្បីជួយអ៊ុយក្រែនសម្លាប់ឧត្តមសេនីយ៍រុស្ស៉ីជាច្រើននាក់ នៅក្នុងសង្រ្គាមអ៊ុយក្រែន។

មន្ទីរបញ្ចកោណច្រានចោលការអះអាងបែបនេះ ដោយបញ្ជាក់ថា ខ្លួនពិតជាបានចែករំលែកព័ត៌មានសម្ងាត់មែន តែអ៊ុយក្រែនគឺជាអ្នកសម្រេចចិត្ត និងធ្វើសកម្មភាពដោយខ្លួនឯង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន ជាសមាជិក NATO បានផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទីក្រុងកៀវ ដោយបានជួយពួកគេទប់ទល់នឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៉ី ដែលកំពុងកាន់កាប់ទឹកដីមួយផ្នែកនៃភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន តែមិនអាចវាយកាន់កាប់ទីក្រុងកៀវបានទេ។ តែទោះជាបែបនេះក្ដី, សហរដ្ឋអាមេរិក និង NATO បានអះអាងម្ដងហើយម្ដងទៀតថានឹងមិនចូលរួមក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីទេ ដើម្បីបញ្ចៀសសង្រ្គាមលោកលើកទី៣៕

ប្រភព៖ Reuters

Telegram