ចិន ថាអាមេរិក តែងតែបង្កបញ្ហា ដោយព្រមាននាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
អន្តរជាតិ
328

តៃប៉ិ៖ យោធាចិន បាននិយាយនៅថ្ងៃពុធ នេះថា ខ្លួនបានតាមដាន និងព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ខណៈបេសកកម្មនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីចិន ធ្វើសមយុទ្ធនៅជិតកោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

កងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវានាំផ្លូវមីស៊ីល USS Port Royal បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមរយៈដែនទឹកអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ កាលពីថ្ងៃអង្គារ ដែលជាបេសកកម្មតាមទម្លាប់លើកទីពីរ ក្នុងរយៈពេលពីរសប្តាហ៍។

ជាមួយគ្នានេះ បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិក តែងតែសម្តែងឆាកល្ខោនបែបនេះ និងបង្កហេតុ, បញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងឯករាជ្យតៃវ៉ាន់ ហើយបង្កើនភាពតានតឹងដោយចេតនានៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

កងទ័ពចិន រក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការញុះញង់ ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ជាក់ស្តែង សហរដ្ឋអាមេរិក បាននិងកំពុងអនុវត្តការធ្វើដំណើរបែបនេះប្រហែលមួយខែម្តង ធ្វើឲ្យចិនខឹងសម្បា ព្រោះចាត់ទុកទង្វើនេះថាជាសញ្ញានៃការគាំទ្រដល់កោះតៃវ៉ាន់។

គួរបញ្ជាក់ថា យោងតាមកងទ័ពជើងទឹកអាមេរិក, ការធ្វើដំណើររបស់នាវា Port Royal ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិកហោះហើរ បើកនាវា និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

លើសពីនេះ សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនដែរ គឺមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធ ដោយធ្វើឲ្យទីក្រុងតៃប៉ិ ក្លាយជាប្រភពនៃភាពតានតឹងឥតឈប់ឈររវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន៕

ប្រភព៖ Reuters

Telegram