សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១២ ឧសភា) ថា ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួននៃជំងឺ កូវីដ១៩(COVID-19) ហើយបានប្រកាស «ភាពអាសន្នជាតិធ្ងន់ធ្ងរ»ដោយមេដឹកនាំ លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង«លុបបំបាត់»មេរោគនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ប្រទេសដែលមានអាវុធនុយក្លេអែរដ៏ក្រីក្រមួយនេះ មិនដែលធ្លាប់មានករណីឆ្លងនៃCOVID-19 នោះទេ ដោយរដ្ឋាភិបាលបានដាក់ការបិទព្រំដែនយ៉ាងតឹងរ៉ឹង ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតក្នុងឆ្នាំ២០២០។
ប៉ុន្តែសំណាកដែលយកពីអ្នកជំងឺដែលមានគ្រុនក្តៅក្នុងរដ្ឋធានីគឺ«ស្របជាមួយ»វ៉ារ្យ៉ង់Omicron ដែលអាចចម្លងបានខ្ពស់នៃមេរោគនេះ នេះតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍។
មន្ត្រីកំពូល រួមទាំងមេដឹកនាំ លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំការិយាល័យនយោបាយវិបត្តិមួយ ដើម្បីពិភាក្សាពីការផ្ទុះឡើង ហើយបានប្រកាសថា ពួកគេនឹងអនុវត្តប្រព័ន្ធគ្រប់គ្រងមេរោគ«គ្រាអាសន្នអតិបរមា»។
លោក គីម បានប្រាប់កិច្ចប្រជុំថា«គោលដៅគឺដើម្បីលុបបំបាត់ឫសគល់ក្នុងរយៈពេលដ៏ខ្លីបំផុត»នេះបើយោងតាម KCNA ។
លោកបន្តថា «គាត់បានធានាយើងថា ដោយសារតែការយល់ដឹងអំពីនយោបាយខ្ពស់របស់ប្រជាជន ... យើងប្រាកដជានឹងយកឈ្នះលើភាពអាសន្ននិងឈ្នះគម្រោងដាក់ឱ្យនៅដាច់ដោយឡែកពីគេ»។
បន្ថែមពីនេះ មេដឹកនាំរូបនេះ បានអំពាវនាវឱ្យមានការត្រួតពិនិត្យ និងវិធានការបិទព្រំដែនកាន់តែតឹងរ៉ឹង ដោយប្រាប់ពលរដ្ឋ «ឱ្យទប់ស្កាត់ទាំងស្រុងនូវការរីករាលដាលនៃមេរោគព្យាបាទ ដោយបិទតំបន់របស់ពួកគេឱ្យបានហ្មត់ចត់នៅក្នុងទីក្រុង និងស្រុកទាំងអស់នៅទូទាំងប្រទេស»៕
ប្រភព៖ CNA