អន្តរជាតិ៖ ប្រទេសហ្វាំងឡង់ បានប្រកាសពីចេតនារបស់ខ្លួន ក្នុងការដាក់ពាក្យសុំចូលជាសមាជិក អង្គការណាតូ ហើយមានបំណងចង់ការពារខ្លួនប្រឆាំងនឹង របស់រុស្ស៊ី ប៉ុន្តែលោក វ៉្លាឌីមៀរ ពូទីន បានសងសឹកដោយចាប់ផ្តើមបញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់ព្រំដែន របស់ខ្លួនជាមួយប្រទេសហ្វាំងឡង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Mirror នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
វីដេអូ ដែល បង្ហោះ តាម អ៊ីនធឺណិត កាលពី ថ្ងៃ ចន្ទទី១៦ខែឧសភា បានបង្ហាញពី ការ ដាក់ ពង្រាយ មីស៊ីល Iskander ចល័តចំនួន៧គ្រាប់។ ឃ្លីបនេះត្រូវបានគេថតនៅតាមផ្លូវទៅកាន់ទីក្រុង Vyborg ភាគខាងលិចប្រទេសរុស្ស៊ី ជិតព្រំដែនហ្វាំងឡង់។ ការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ដើម្បីចូលរួមជាមួយ អង្គការណាតូ ដែលជាទង្វើដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រឆាំងជាយូរមកហើយ។
ទូរទស្សន៍ រដ្ឋ រុស្ស៊ី ធ្លាប់ បាន និយាយ ថា ទីក្រុង ម៉ូស្គូ នឹង ដាក់ ពង្រាយ អាវុធ នុយក្លេអ៊ែរ ទៅ ព្រំដែន អឺរ៉ុប របស់ ខ្លួន ប្រសិន បើ ប្រទេស Nordic ហ្វាំងឡង់ និង ស៊ុយអែត បង្កើត មូលដ្ឋាន យោធា លើ ទឹកដី របស់ ពួកគេ។
ទូរទស្សន៍ រដ្ឋបន្តថា «នៅពេលដែលមូលដ្ឋានរបស់អង្គការណាតូ លេចឡើងនៅក្នុងប្រទេសស៊ុយអែត និងហ្វាំងឡង់, រុស្ស៊ីនឹងគ្មានជម្រើសអ្វីក្រៅពីការកម្ចាត់អតុល្យភាព និងការគំរាមកំហែងថ្មី ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ»។
មេដឹកនាំរុស្ស៊ីក៏បាននិយាយដែរថា ប្រទេសទាំង២នឹងប្រឈមមុខ«ផលវិបាក» ប្រសិនបើពួកគេ ធ្វើឲ្យស្ថានភាពនៅអ៊ុយក្រែន កាន់តែអាក្រក់ទៅ។
គួរបញ្ជាក់ថា មេដឹកនាំហ្វាំងឡង់ និងស៊ុយអែត កាលពី ថ្ងៃអាទិត្យបានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការចូលរួមជាមួយអង្គការណាតូ ដោយកត់សម្គាល់ជាការផ្លាស់ប្តូរគោលនយោបាយការបរទេសជាប្រវត្តិសាស្ត្រ ដោយសារតែការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។
បន្ថែមពីនេះ ប្រទេសទាំងពីរ ជារដ្ឋមិនចូលបក្សសម្ព័ន្ធយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែឥឡូវនេះនឹងដាក់សំណើសមាជិកភាពរួមគ្នាជាផ្លូវការ ទៅកាន់សម្ព័ន្ធមិត្តដែលមានសមាជិកចំនួន៣០ប្រទេស ភ្លាមៗនៅពេលដែលការសម្រេចចិត្តនេះ ត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋាភិបាលរៀងៗខ្លួន។
លើសពីនេះ ការដាក់ពង្រាយថ្មីទៅកាន់ព្រំដែនហ្វាំងឡង់ក៏កើតមានឡើងផងដែរ នៅពេលដែលណាតូ បានចាប់ផ្តើមធ្វើសមយុទ្ធដ៏ធំមួយនៅក្នុងប្រទេសអេស្តូនី ដើម្បីហាត់សមឡើងវិញនូវការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារពីប្រទេសរុស្ស៊ី៕