យោងតាមក្រសួងព័ត៌មាន ចេញផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។ នេះបើយោងតាម ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០ ០០០ ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ។
ហើយបច្ចុប្បន្ន គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមតាំងពីខែមិថុនាមកម្ល៉េះ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងឆក់យកអាយុជីវិតពលរដ្ឋប៉ាគីស្ថានប្រមាណ ១ ៥០០នាក់ឯណោះ ៕