អាជ្ញាធរបន្តចុះពិនិត្យទីតាំងបញ្ចាំកុងស៊ីម៉ូតូនៅឃ្លាំងរំសេវ ៦០ទីតាំង តាំងពីល្ងាចម្សិលមិញ រហូតមកទល់រសៀលនេះ រកឃើញម៉ូតូអត់ឯកសារជាច្រើនគ្រឿង ដឹកតាមរថយន្តទៅរក្សាទុក និងអំពាវនាវរកម្ចាស់ដែលបាត់!
ព័ត៌មានជាតិ
74

រាជធានីភ្នំពេញ ៖ យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាំងពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥ និង១០នាទី ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ ព្រមទាំងមានការសហការពី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី ជាប្រធាន និងជាអភិបាលខណ្ឌទួលគោក និងមានការចូលរួមពី លោកក្រឡាបញ្ជី បានចុះត្រួតពិនិត្យទីតាំងបញ្ចាំខុសច្បាប់ ចំនួន ០៣ កន្លែង ស្ថិតនៅផ្ទះលេខ១០B ១១B និង១០D ផ្លូវលេខ១៨៦ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចមិញនេះ រកឃើញម៉ូតូដែលដាក់បញ្ចាំគ្មានឯសារ ជាង ២០០គ្រឿង ហើយនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជា ពិសី ជាប្រធាននិងជាអភិបាលខណ្ឌទួលគោក រួមទាំងកម្លាំងគណៈបញ្ជាការចម្រុះ បានបន្តដឹកនាំកម្លាំងចុះពិនិត្យ ទីតាំងកុងស៊ីបញ្ចាំម៉ូតូជាច្រើនកន្លែងបន្ថែមទៀត នៅផ្សារឃ្លាំងរំសេវនេះ ក្នុងភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានរកឃើញទីតាំងកុងស៊ីបញ្ចាំ រហូតដល់ ៦០ទីតាំងឯណោះ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការចុះរបស់ឯកឧត្តមពេលនេះ គឺតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឯកឧត្តម បានដឹកនាំបញ្ជាផ្ទាល់ និងយកចិត្តទុកដាក់ណាស់ ចំពោះករណីកុងស៊ីបញ្ចាំម៉ូតូទាំងនេះ ដោយបានចាត់ឲ្យឯកឧត្តម និងមានខាងព្រះរាជអាជ្ញា អាជ្ញាធរខណ្ឌ និងកម្លាំងប្រដាប់អាវុធទាំងអស់ ក៏ដូចជា ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ធ្វើយ៉ាងណាពន្លត់បញ្ហាកុងស៊ី ដែលរកស៊ីមិនសមស្របតាមច្បាប់ទាំងនេះឲ្យអស់ ហើយត្រូវធ្វើឲ្យដូចភ្លៀងរលឹម ទាំង១៤ខណ្ឌតែម្តង ។

ឯកឧត្តម ឃ្លាំង ហួត បានបន្តថា បើចង់បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន បទល្មើសលួចឆក់ប្លន់ គឺត្រូវជីកឬស ជីកគល់ តើបញ្ហានោះនៅចំណុចណា ជាក់ស្តែងនៅទីនេះ ជាផ្សារឃ្លាំងរំសេវ សុទ្ធតែជាកន្លែងបញ្ចាំ ដែលមានរហូតដល់៦០ទីតាំងឯណោះ ច្រើនមិនគួរឲ្យជឿ ។ ក្នុងនោះឯកឧត្តម ក៏បានលើកជាសំណួរថា «ម៉េចបានបញ្ចាំសម្បើមម្ល៉េះនៅទីនេះ?» ដូច្នេះទីតាំងទាំងនេះ ក៏មានចំណែកបង្កប់នូវបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹង សន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ដែលមិនត្រូវរំខានដល់ថ្នាក់ដឹកនាំ សម្តេចតេជោ ក៏ដូចជា សម្តេចក្រឡាហោម នោះទេ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការលើបញ្ហានេះ ឲ្យដល់ឬសគល់ និងឲ្យដូចភ្លៀងរលឹម និងធ្វើយ៉ាងណាឲ្យអស់ពីមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីឲ្យសម្តេចទាំងទ្វេ មានទំនុកទុកចិត្ត ដោយថ្នាក់ក្រោមជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើរឿងនេះ ។

ឯកឧត្តម ឃ្លាំង ហួត បានបន្តថា ប្រតិបត្តិការនេះ មិនមែនមករំខានពួកគាត់រកស៊ីនោះទេ បើពួកគាត់រកស៊ីប្រកបដោយសុច្ចរិត បង់ពន្ធដាជូនរដ្ឋត្រឹមត្រូវ អាជ្ញាធរមានតែជួយការពារគាត់ទៀត សុំត្រឹមតែឲ្យពួកគាត់រកស៊ីឲ្យសុខសាន្តនូវមុខរបររបស់គាត់ឲ្យត្រឹមត្រូវតាមច្បាប់ ហើយឯកឿត្តម ក៏សុំផ្តាំដល់អ្នកដែលចង់អន្តរាគមន៍លើរឿងនេះ សូមបង្វែពីការអន្តរាគមន៍ ទៅជាការណែនាំ ឲ្យបងប្អូនសាច់ញាតិរបស់ខ្លួនដែល រកស៊ីរបរនេះ ត្រូវស្របតាមច្បាប់ទៅបានហើយ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា សម្រាប់ការចុះពិនិត្យនៅល្ងាចម្សិលមិញនេះ គឺអាជ្ញាធរបានត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំម៉ូតូចំនួន ៣ទីតាំង និងបានរកឃើញម៉ូតូខុសប្រក្រតី ចំនួន ២២២គ្រឿង ថែមទាំងមានការឃាត់ម្ចាស់ និងអ្នកនៅជាមួយ សរុប៥នាក់ យកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវ ដោយជាក់ស្តែងនោះ ឃើញថា សម្បូរទៅដោយម៉ូតូដែលអត់ឯកសារច្រើន ។ 

ដោយឡែកនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ តាមការពិនិត្យជាក់ស្តែង ឃើញទីតាំងខ្លះមានឯកសារបញ្ចាំត្រឹមត្រូវ តែទីតាំងខ្លះទៀត មានឯកសារអត់ម៉ូតូ មានម៉ូតូអត់ឯកសារក៏មាន ដែលមានរហូតដល់៦០ទីតាំងឯណោះ នៅផ្សារឃ្លាំងរំសេវនេះ ដូច្នេះនៅមានច្រើនគ្រឿងទៀត ដោយមិនទាន់ដឹងថា មានទាំងអស់ប៉ុន្មានគ្រឿងនៅឡើយនោះទេ អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការបន្ត ហើយចំពោះ ម៉ូតូទាំង២២២គ្រឿង ដែលអាជ្ញាធររកឃើញ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នោះ ត្រូវបានដឹកតាមរថយន្តជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយដឹកចេញពីឃ្លាំងបញ្ចាំទាំងនោះ យកទៅកាន់ឃ្លាំងនៅ OCIC ជ្រោយចង្វារ ដើម្បីសមត្ថកិច្ចពិនិត្យឯកសារផ្ទៀងផ្ទាត់ ហើយក៏អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូក្តី ដូចមកពិនិត្យបានដោយភ្ជាប់ជាមួយឯកសារ កាតគ្រីម៉ូតូឲ្យបានត្រឹមត្រូវ យកមកផ្ទៀងផ្ទាត់ និងពិនិត្យរកមើលម៉ូតូរបស់ខ្លួន ។

ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក៏សូមផ្តាំទៅអ្នករកស៊ីទទួលបញ្ចាំ ត្រូវមានការភ្ញាក់រលឹក គោរពតាមច្បាប់ឲ្យបានត្រឹមត្រូវ ខណៈទីតាំងទាំងនេះមានច្បាប់ តែគាត់លួចល្មើសនឹងច្បាប់ ហើយទីតាំងខ្លះទៀត ខ្វះខាតច្បាប់ខ្លះៗ ដូចជាច្បាប់អនុញ្ញាតទីតាំង ពីរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះអ្នកដែលរកស៊ីរបរទាំងនេះ សុំច្បាប់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ការចេញអាជ្ញាប័ណ្ណកុងស៊ីនេះ គម្បីមាន លិខិតអនុញ្ញាតទីតាំងពី រដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ហើយបើប្អូនណាដឹងថាមានកន្លែងណាមានល្បែងស៊ីសងខុសច្បាប់ ឬទទួលបញ្ចាំខុសច្បាប់នោះ អាចផ្តល់ព័ត៌មានមកអាជ្ញាធរបាន អាជ្ញាធរនឹងរក្សាការសម្ងាត់ជូន ៕


Telegram