ឯកឧត្តម ឃ្លាំង ហួត ៖ សម្រាប់ប្រតិបត្តិការតង់ទី១ ឃាត់ខ្លួនមនុស្ស៩នាក់ បញ្ជូនទៅកាន់តុលាការ ពេលនេះដល់ដៃចៅក្រមហើយ ខណៈតុលាការចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន..
ព័ត៌មានជាតិ
163

រាជធានីភ្នំពេញ ៖ ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញ នៅតែជាចំណុចក្តៅរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់ ទៅតាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងក្រោយចប់ភ្ជុំភ្លាម អាជ្ញាធរចាប់ផ្តើមចុះពិនិត្យតាមឃ្លាំងបញ្ចាំទៀតហើយ ដោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យឃ្លាំងមួយកន្លែងដែលចាក់សោរជាប់ពីខាងក្រៅ នៅចំណុចផ្លូវ៣២៤ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ទៀតហើយ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់ ខណៈទីតាំងចំនួន២ ជាប់គ្នា នោះ គឺបានរកឃើញម៉ូតូសរុបជាង ១០០គ្រឿង តែមិនទាន់ដឹងថា មានម៉ូតូប៉ុន្មានគ្រឿងដែលមានគ្មានឯកសារត្រឹមត្រូវ ឬក៏ជាម៉ូតូដែលពាក់ព័ន្ធនឹងបទល្មើសចោរកម្មនៅឡើយនោះទេ រង់ចាំសមត្ថកិច្ចជំនាញ ពិនិត្យនិងស្រាវជ្រាវឲ្យលម្អិតជាមុនសិន ។

ក្នុងនោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់TVFB ឲ្យដឹងថា សម្រាប់ប្រតិបត្តិការតង់ទី១ ដែលគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដែលមានរយៈពេល ៥ថ្ងៃ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សដែលជាប់ពាក់ព័ន្ធចំនួន ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពេលនេះដល់ដៃចៅក្រមហើយ ដោយនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ តុលាការចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ស្របពេលដែលប្រតិបត្តិការតង់ទី១នោះ គឺបាន ត្រួតពិនិត្យទីតាំងហាងបញ្ចាំចំនួន៥៣ទីតាំង ក្នុងចំណោមជាង៦០ទីតាំង និងបានបិទទីតាំងហាងបញ្ចាំចំនួន ១៣ ទីតាំង ដកហូតម៉ូតូគ្មានឯកសារត្រឹមត្រូវបានចំនួនជាង១១១៣គ្រឿង រថយន្តចំនួន ១៤ គ្រឿង កង់បីឥណ្ឌាចំនួន ១២គ្រឿង ម៉ូតូកង់បីចំនួន ៩គ្រឿង ខណៈមានជនរងគ្រោះចំនួន ៨នាក់ ទទួលបានម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ ។

ដោយឡែកសម្រាប់បងប្អូនដែលបាត់ម៉ូតូ អាចយកឯកសារមកផ្ទៀងផ្ទាត់ម៉ូតូរបស់ខ្លួននៅឃ្លាំងក្នុងតំបន់OCIC ក៏បាន ឬក៏ផ្ទៀងផ្ទាត់តាមផេក រដ្ឋបាលខណ្ឌជ្រោយចង្វារក៏បាន ៕


Telegram