រាជធានីភ្នំពេញ ៖ តាមរយៈសេចក្ដីប្រកាសដែលចេញដោយក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈបានបន្តធ្លាក់ចុះមកនៅត្រឹម ៤ ២៥០រៀលក្នុងមួយលីត្រ ហើយតម្លៃប្រេងម៉ាស៊ុត លក់ត្រឹម ៤ ៧០០រៀលក្នុងមួយលីត្រ។
ផ្អែកតាមសេចក្ដីរបស់ក្រសួងពាណិជ្ជកម្មដដែលបានបញ្ជាក់ថា យោងប្រកាសអន្តរក្រសួងលេខ០៨៣ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ និងផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នឹងត្រូវលក់ ៤ ៥១៧រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ៩៦៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នឹងចុះមក ៤ ២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ៧០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។
សេចក្ដីលម្អិត សូមពិនិត្យនៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ