កាលពីថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្តើម សម្ដេចក្រឡាហោម បានថ្លែងអរគុណចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តព្រៃវែង ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់ទាក់ទងនឹងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី នៃស្រុកកំចាយមារ នាពេលនេះ។
សម្ដេច ក៏បានថ្លែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងបីឃុំ ដែលបានស្ម័គ្រចិត្តអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់សមាគមដើម្បីមកពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ព្រមទាំងកោតសរសើរចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកបំពេញភារកិច្ចមនុស្សធម៌ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។
សម្ដេចមានប្រសាសន៍ថា បច្ចុប្បន្នសម្ដេចកំពុងធ្វើសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឫស្សីវេទ ហើយបង្កើតជាមជ្ឈមណ្ឌលអប់រំ នៅហ្នឹងឫស្រីវេទ។ បើចូលសិក្សាក្នុងមជ្ឈមណ្ឌលអប់រំឫស្សីវេទ ឥឡូវហ្នឹងមានតាំងពីមតេយ្យ រហូតដល់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ហើយនឹងរៀនមុខជំនាញវិជ្ជាជីវៈ បានន័យថា រៀនជួសជុលភ្លើង រៀនជួសជុលម៉ូតូ រៀនជួសជុលម៉ាស៊ីន រៀនធ្វើផ្ទះ រៀនឈូសឈើ រៀនធ្វើតុ ជាង ធ្វើកៅអីជាដើម ។ល។
សម្ដេចបានគូសបញ្ជាក់ថា យើងត្រូវអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនយើង គឺត្រូវខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង នេះគឺជាគោលដៅរបស់យើង គឺជានយោបាយរបស់រាជរដ្ឋាភិបាលយើង ៕ រូបភាព៖ ផេកសម្តេចក្រឡាហោម