សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការចែកចំណេះដឹងដល់កូនៗរបស់ឪពុកម្តាយពិតជាមានភាពល្អប្រសើរជាងការផ្តល់ទ្រព្យសម្បត្តិជាលុយក្តី មាស ពេជ្រ ពីព្រោះថាវាមិនអាចគង់វង្សនោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការរៀនសូត្រ ដែលក្មួយៗទទួលបានគឺវាជាទ្រព្យសម្បត្តិសម្រាប់រយៈពេលវែង។ មិនប្រាកដទេ ការចែកទ្រព្យ សម្បត្តិជាលុយ មាស ពេជ្រក្តី មិនប្រាកដថាគង់វង្សទេ ប៉ុន្តែការចែកចំណេះជាមូលដ្ឋាន ដែលដូចពាក្យថា កណ្តៀរមិនអាចកោរ កណ្តុរកាត់ និងភ្លើងឆេះបាន អ្នកខ្លះគិតថាខ្លួន ប៉ុណ្ណឹងដែលចែកផ្ទេរឱ្យ ប៉ុន្តែបើសិនមានអគ្គិភ័យឆេះ ឬកលយុគ្គកើតឡើងនោះគេនឹងបាត់បង់អស់។ ផ្ទុយទៅវិញចំណេះដឹងនៅក្នុងខួរក្បាលមិនអាចអ្នកណាធ្វើចេញ នោះទេ»។ សម្តេចតេជោបានលើកឡើងថា សម្តេចតែងតែធ្វើការដាស់តឿនជាមួយអ្នកមានលទ្ធភាពត្រូវខិតខំជំរុញឱ្យកូនរៀនតាមមធ្យោបាយណាក៏ដោយគឺរៀនពេលនេះ មានសិស្ស និស្សិតរាប់លាននាក់បានកំពុងធ្វើការបណ្តុះបណ្តាលដែលសម័យមុនសិស្សដើររកសាលា តែសម័យនេះសាលាដើររកសិស្សវិញម្តង។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្នសាលារៀនត្រូវបានរុញទៅដល់ទីជនបទ ដែលបាបផ្តល់ឱកាសសម្រាប់កុមាររៀនសូត្របានក្នុងនោះកុមារជាស្ត្រី ដែលឪពុកម្តាយតែងព្រួយបារម្ភ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រគឺឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច ខណៈកាលពី២០ឆ្នាំមុនបានចេញគោលនយោបាយថាឃុំមួយមានអនុវិទ្យាល័យតែមួយ។ សម្ដេចតេជោបន្ដទៀតថា ទោះបីជាមានយុទ្ធសាស្ត្រគោលនយោបាយយ៉ាងណាក្តីបើសិនគ្មានការបណ្តុះបណ្តាលនោះទេ ប្រទេសកម្ពុជាមិនអាចរីកចម្រើននោះទេ។ ដូច្នេះ នៅក្នុងវិស័យធំៗរ បស់កម្ពុជាចំនួនពីរអនុញ្ញាតឱ្យជ្រើសរើសបុគ្គលិកជាគ្រូបង្រៀន និងគ្រូពេទ្យ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា វិស័យដែលអនុញ្ញាតបើកគឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលត្រូវបានផ្តល់ឱកាសឱ្យចូលប្រឡង៕