ក្រុងព្រះសីហនុ ៖ លោកសរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករមកលេងកំសាន្តក្នុងក្រុងព្រះសីហនុ នាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ ។
លោកបានបន្តថា កំណើនភ្ញៀវទេសចរកើនឡើងមកលេងក្រុងព្រះសីហនុច្រើនគឺសង្កេតឃើញថាក្រោយមានការដាក់ដំណើរការសាកល្បងឲ្យប្រើរប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកាលពីថ្ងៃទី០១ខែតុលាកាលពីពេលកន្លងទៅថ្មីៗនេះ ។
ជាមួយគ្នាពលរដ្ឋនិងភ្ញៀវទេសចរបានសម្តែងការសាទរក្រោយមកលេងក្រុងព្រះសីហនុ ប្រកបដោយការសប្បាយរីករាយ ក្រោយពីអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈ និង បរិស្ថានឆ្នេរ ស្រស់ស្អាត មានរបៀបរៀបរយ ផ្លូវខ្វាតខ្វែងជិះស្ទើរវង្វេង ដោយសារតែល្បឿននៃការអភិវឌ្ឍន៍មានការហកឡើងលឿនពេក ។
យ៉ាងណាមិញអាជ្ញាធរនៅតែបន្តអំពាវនាវដល់ពលរដ្ឋនិងភ្ញៀវទេសចរដែលមកលេងក្រុងព្រះសីហនុ សូមចូលរួមរក្សាអនាម័យសណ្តាប់ធ្នាប់បរិស្ថាន រាល់ពេលបងប្អូនយកអាហារមកហូបចុកក្រាលកន្ទេលតាមឆ្នេរសាធារណៈរួច សូមវិចខ្ចប់សំរាមដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ ព្រោះថាអាជ្ញាធរបានរៀបចំធុងសំរាមតាមឆ្នេរ ទុកសម្រាប់ឲ្យបងប្អូនដាក់សំរាមរួចហើយ ដូច្នេះសូមកុំទុកចោលលើឆ្នេរខ្សាច់ឬបោះចោលពាស់វាលពាស់កាល ៕