រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មហាជនក្នុងប្រទេសកម្ពុជា ជាច្រើន បានផ្ទុះប្រតិកម្ម ជាមួយនឹង បុគ្គលជាតែយុវជនម្នាក់ជាអ្នកប្រើប្រាស់គណនីFacebook ឈ្មោះ William Sathya គួរតែត្រូវទទួលទោស នូវទង្វើដែលខ្លួនបានធ្វើ ដែលបានប្រមាថមើលងាយដល់ព្រះឆាយាលក្ខណ៍ សម្ដេចសង្ឃខ្មែរព្រះនាម ព្រះមហា ឃោសានន្ទ វ៉ាយ៉ាវ ដែលជាព្រះរស់របសផែនដី យកមកលេងសើចកាត់ត ដាក់មុខរបស់ខ្លួនបង្ហោះលេងសើច លើបណ្តាញសង្គម ប្រមាថដល់សាសនា ហើយតាំងបង្ហោះសុំទោសតាមក្រោយ តែជាហេតុធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនខឹងសម្បារយ៉ាងខ្លាំង ។
ក្នុងនោះ ទន្ទឹមនឹងការផ្ទុះរឿងរ៉ាវដ៏ក្តៅមួយនេះ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា TVK បានបង្ហោះនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បង្ហោះទាំងស្រុងថា ៖
មកស្គាល់ប្រវត្តិសម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ នាម វ៉ា យ៉ាវ គឺជាព្រះនាមពិតរបស់ សម្ដេចព្រះមហាឃោសានន្ទ
លក្ខណៈពិសេស របស់ព្រះអង្គ រួមមាន៖
១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បី«ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell) ចំនួន៤ដង
២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់
៣.ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា «ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង៥រូបនៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom
៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា «ទីប្រឹក្សាយោបល់» ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌
៥.ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ(១៩៩៤)ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហមនិងទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ១០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៦.ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ «មិននិយាយ»នៅជីវិតចុងក្រោយរហូតដល់ពេលសុគត
៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព « Niwano» ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ
៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»
៩.ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ
១០.ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥
១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជាដើម្បីសន្តិភាព និង អហឹង្សា ៕