មេធាវីជនជាតិបារាំងរបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សភាជំនុំជម្រះទី១៧ នៃសាលាដំបូងទីក្រុងប៉ារីស បានសម្រេចនៅក្នុងសាលក្រមចុះថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២២ ថា ការលើកឡើងដែល សម រង្ស៊ី មិនបានជំទាស់តវ៉ា ថាជាការបរិហារកេរ្ដិ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មេធាវីជនជាតិបារាំងរបស់សម្ដេចតេជោ ហ៊ុន សែន មានលោក Didier LEICK លោក Luc BROSSOLET និងលោក Nollary YIM-DUNAND ចេញផ្សាយពីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹដែរថា ការចោទប្រកាន់ថាលោកហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាតដែលមាន ចរិតនយោបាយទាំង២ករណី ខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើ ឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) (...)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្ដិ៍លោក ហ៊ុន សែន (-)។ ចំពោះការពន្យល់ និងឯកសារដែលផ្តល់ដោយលោក សម រង្ស៊ី សាលាដំបូងយល់ ឃើញថា ការពន្យល់ និងឯកសារ ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាង របស់ សម រង្ស៊ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែកៗ ច្បាស់ជាងនេះទៅទៀត សាលាដំបូង បានកត់សំគាល់ថា *.... )អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះ ដូចគ្នាមានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬបដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។
លើសពីនេះទៀត ទោះបីជាជនជាប់ ចោទ (សម រង្ស៊ី) បានលើកឡើង ទាំងនៅក្នុងពេលសវនាការ និងនៅក្នុងពាក្យសម្តី ដែលត្រូវបានតុលាការចោទប្រកាន់ ថាខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែតុលាការ កត់សម្គាល់ថា ជនជាប់ចោទ (សម រង្ស៊ី) មិនបានផ្តល់នូវការបញ្ជាក់ឬកោសល្យវិច្ច័យណាមួយឱ្យបាន ច្បាស់ នាពេលសវនាការនោះទេ។ ចុងក្រោយ ការផ្តល់ជូនមកតុលាការនូវរូបថតដែលមានគុណភាពមិនច្បាស់អំពីបំណែកនៃឧត្ថម្ភាគចក្រ មិនអាចបង្ហាញបានថា ការធ្លាក់បាក់បែកឧត្ថម្ភាគចក្រនោះ គឺកើតចេញពី ការផ្ទុះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមក សំអាង។ (...) យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូងបានចាត់ទុកថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់(របស់ សម រង្ស៊ី) មានលក្ខណៈ «ខ្សោយ»។ ដែលវាផ្ទុយយ៉ាងខ្លាំងនឹង ការនិយាយចោទប្រកាន់មួយដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាត លោក ហុក ឡងឌី នោះទេ។ ហេតុដូច្នេះ សាលាដំបូងបានវិនិច្ឆ័យយ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្សី ពុំមានមូលដ្ឋាន និងអំណះអំណាង បញ្ជាក់ច្បាស់លាស់នោះឡើយ។ តុលាការ បានចាត់ទុកថា សម រង្ស៊ី មានមូលដ្ឋានអង្គហេតុ “តិចតួចបំផុត” ក្នុងការតាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់ មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុ ត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែង គ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។
សូមរម្លឹកដែរថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្ដម ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការពីរដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។ ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជានោះ៕ប្រភពក្រសួងព័ត៍មាន