រាជធានីភ្នំពេញ ៖ យោងតាមគណនីFacebook មួយដែលមានឈ្មោះ Sokhalay Saur (សុខាឡេ សល) បានបង្ហោះនៅថ្ងៃទី១០ តុលា ឆ្នាំ២០២២ បានសរសេរទាំងស្រុងថា « ពិសាលធ្វើទាល់តែបាន.. ដើម្បីពិសិដ្ឋ..
សូមចូលរួមអបអរសាទរ និងកោតសរសើរភាពក្លាហាន ការតស៊ូអំណត់របស់សំឡាញ់ Lim Pisal ដែលពុះពារ និងជម្នះគ្រប់ឧបសគ្គ ជួយសម្រេចក្តីប្រាថ្នាចុងក្រោយនេះឲ្យប្អូនប្រុសខ្លួន គឺ ពិសិដ្ឋ! »
គណនីFacebook ដដែលបានបន្តទៀតថា « ជាថ្មីម្តងទៀត សូមវិញ្ញាញក្ខន្ធប្អូនស្ថិតក្នុងទីដ៏ពិសិដ្ឋ និងស្ងប់នេះ ជាទីដ្ឋាន ដែលមនុស្សសឹងគ្រប់គ្នាប្រាថ្នាចង់ទៅដល់យ៉ាងតិចម្តងក្នុងជីវិត! ក្នុងឆ្នាំ 2012 លឹម ពិសិដ្ឋ បានបង់ថ្លៃដ៏ខ្ពស់បំផុត ដែលគ្រប់គ្នានឹកស្មានមិនដល់ ឬហ៊ានប្រថុយ ក្នុងបំណងបង្កើតកំណត់ត្រាដ៏អស្ចារ្យឲ្យខ្លួនឯង នោះគឺ ដំណើរទៅកាន់ ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) រយៈកម្ពស់ 5364m ជាមូលដ្ឋាន អ្នកប៉ងឡើងបន្តទៅកំពូលភ្នំ (កម្ពស់ 8,849m) ឈប់សម្រាក ថែបំប៉នកម្លាំង ព្យាបាល និងបន្សាំសួត រាងកាយសម្រាប់បរិយាកាសកាន់តែខ្ពស់ កាន់តែលំបាកជាងនេះទៀត។ បានប្រហែល 80% នៃដំណើរនេះប៉ុណ្ណោះ ពិសិដ្ឋ ក៏បញ្ចប់ដំណើរ និងផ្ញើព្រលឹងវិញ្ញាណនៅទីនោះជារៀងរហូត ដោយជំងឺថប់ខ្យល់ (High Altitude Sickness) ។
ដំណើរចុងក្រោយរបស់ ពិសិដ្ឋ បានក្លាយជាគោលដៅថ្មីរបស់ ពិសាល។ ជាង១០ឆ្នាំកន្លងមកនេះ ទោះជីវិត និងមុខរបរនាំរឿងស្មុគស្មាញច្រើនតែគោលដៅនេះ EBC ស្ថិតនៅរស់រវ៉ើកក្នុងអារម្មណ៍ និងចិត្ត ពិសាល។ ចុងក្រោយ ពិសាលធ្វើបានសម្រេចជោគជ័យមែន។ ក្រោយពីត្រៀមចិត្ត ត្រៀមកាយ សម្ភារៈ និងហ្វឹកហាត់ច្រើនឆ្នាំកន្លងទៅនេះ និងចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល៩ថ្ងៃ គាត់ក៏បានទៅដល់ចំណុច EBC នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ ដោយសុខសុវត្ថិភាព និងថែមទាំងបានយកអាសាអ្នកដទៃទៀត តាមក្តីប្រាថ្នាមែន! សូមចូលរួមអបអរកំណត់ត្រាជីវិតដ៏អស្ចារ្យនេះសំឡាញ់!
ប្រាកដណាស់ ពិសាលពុំអាចបង្កើតកំណត់ត្រាដ៏មហិមានេះ និងរឿងផ្សេងៗទៀតក្នុងជីវិតដ៏កំសត់របស់គាត់បានទេ បើគ្មានកម្លាំងចិត្ត ការគាំទ្រ និងការទទួលរ៉ាប់រងលើគ្រប់ការងារតូចធំនៅសមរភូមិក្រោយ ពីសំណាក់ស្រ្តី និងប្រពន្ធដ៏អស្ចារ្យរបស់គេ La Bean និង គ្រូបង្វឹក និងរៀមច្បងត្រួសត្រាយផ្លូវ Bandol Lim
សូមដំណើរចុះពីភ្នំ និងត្រឡប់មកផ្ទះវិញរបស់សំឡាញ់ ប្រកបដោយសុខសុវត្ថិភាព និងសំឡេង!
We are with you and are praying for you!