ខេត្តព្រះសីហនុ ៖ ដើម្បីចូលរួមឆ្ពោះទៅប្រលងប្រណាំងបន្ទប់ទឹកសាធារណៈកម្ពុជា និងអាស៊ាននៅចុងឆ្នាំ២០២២ ដើមឆ្នាំ ២០២៣ខាងមុខ , រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់បរិស្ថានអនាម័យបន្ទប់ទឹកសាធារណៈ តាមតំបន់ឆ្នេរ នាថ្ងៃទី១២ ខែតុលាឆ្នាំ ២០២២ ដោយមានការចូលរួមពីលោក អ៉ី សុខឡេង អភិបាលរងខេត្ត,លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមជាមួយនឹងក្រុមការងារ។
ក្នុងឱកាសនេះលោក តាំង សុចិត្រគ្រឹស្នា បានឲ្យដឹងថា រដ្ឋបាលខេត្តក៏ដូចជាមន្ទីរ បានចុះអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលកំពុង និងជួលបន្ទប់ទឹកពីរដ្ឋ ត្រូវរៀបចំឲ្យបានស្អាត ដើម្បីចូលរួមប្រលងប្រណាំងបន្ទប់ទឹកសាធារណៈខាងមុខ និងត្រៀមឆ្ពោះទៅការទទួលភ្ញៀវទេសចរ ក្នុងឱកាសព្រះសីហនុ រៀបចំសន្និបាតក្លិបឆ្នេរស្អាតពិភពលោក និងរៀបចំបុណ្យសមុទ្រជាដើម។
លោកប្រធានមន្ទីរបន្ថែមថា ការចុះត្រួតពិនិត្យនាពេលនេះ គឺដើម្បីពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មអនាម័យឲ្យបានល្អប្រសើរជាប្រចាំ នៅតាមតំបន់ឆ្នេរក៏ដូចជាទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ តែងតែមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុជាពិសេសនៅក្នុងថ្ងៃចុងសប្តាហ៍។
ជាមួយគ្នានេះដែរ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ក៏បានផ្ដាំផ្ញើដល់ម្ចាស់មូលដ្ឋានអាជីវកម្ម ដែលជួលបន្ទប់ទឹកពីរដ្ឋបាលខេត្ត បង្កើនការយកចិត្តទុកដាក់ចូលរួមពង្រឹងស្តង់ដាសេវាកម្មអនាម័យ នៅតាមបន្ទប់ទឹកសាធារណៈឲ្យបានល្អស្អាតជាប្រចាំ ដើម្បីត្រៀមចូលរួមប្រលងនៅក្នុងតំបន់អាស៊ាននាពេលខាងមុខនេះ ឲ្យទទួលបានជ័យជម្នះសម្រាប់ខេត្តព្រះសីហនុ៕ សំណាង