រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងទាំងស្រុងថា នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន១១ខ្នងផ្ទះ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពទាំង១១នាក់ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសពក្នុង០១គ្រួសារ២០,០០០,០០០រៀល (ម្ភៃលានរៀល)។
ដោយឡែក លោកជំទាវ ឃួន សុដារី ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង០១សព និង ឯកឧត្តម ហេង រតនា ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង០១សព។
ដោយឡែក ជនរងគ្រោះ៣នាក់ ដែលបានបាត់ខ្លួន កម្លាំងចម្រុះកំពុងតែខិតខំប្រឹងប្រែងរុករកស្រាវជ្រាវបន្តទៀត ។
សូមរលឹកថា សោកនាដកម្មលិចទូកដរ ចម្លងក្មេងៗសិស្សសាលាចេញពីរៀននេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យបាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ខណៈសមត្ថកិច្ចខេត្តកណ្តាលបញ្ជាក់ថា ករណីលិចទូកដនេះ បណ្តាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។
រហូតមកទល់នឹងម៉ោង១រសៀលនេះ កម្លាំងចម្រុះបានរកឃើញ ស...ពក្មេងរងគ្រោះ៩នាក់ហើយ និងកំពុងបន្តរកមនុស្សដែលបានបា... ត់ខ្លួនសល់២នាក់ទៀត ខណៈកាតាបស្ពាយ សៀវភៅប៊ិច កង់ ត្រូវបានកងកម្លាំងរកឃើញ ស្រង់ឡើងមកលើគោក អមដោយសំឡេងស្រែកទ្រហឹង យំបោកខ្លួនពីសំណាក់សាច់ញាតិ ខ្លះយំរហូតដល់សន្លប់ ដែលមិនអាចធ្វើចិត្តបាន ក្នុងការបាត់បង់កូនៗជាទីស្រឡាញ់ ស្របពេលសាច់ញាតិខ្លះទៀត យកធូប ចេក ផ្លែឈើ សំណែនផ្សេងៗមកអុជធូបសែននៅចំណុចកើតហេតុ សុំឲ្យម្ចាស់ទឹក ម្ចាស់ដី ជួយបើកផ្លូវបង្ហាញ ឲ្យឆាប់រកឃើញកូនៗរបស់គាត់ផង ស្របពេលដែលករណីនេះ មហាជនក្នុងប្រទេសកម្ពុជាទាំងមូល បានរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខដ៏ធំ ជាមួយនឹងក្រុមគ្រួសារសពផងដែរ ៕