សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ
ព័ត៌មានជាតិ
63

នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបនាពេលនេះជាលើកចុងក្រោយជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅរុនតាឯក តែមិនមែនជាជំនួបចុងក្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នៅតំបន់នេះនោះទេ ពីព្រោះសម្តេចនឹងមានជំនួបច្រើនលើកទៀតជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល​កម្ពុជា និងបានស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ។ សម្តេចតេជោបានមានប្រសាសន៍ទៀត ថា ការបំពានគោលការណ៍របស់អង្គការយូណេស្កូ គឺនឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គររបស់យើង ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវបំផុតសម្រាប់ការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិយើង។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីប្រាប់ពលរដ្ឋទាំងអស់ដែលត្រូវរើចេញពីតំបន់រមណីយដ្ឋានអង្គរថា បើអាជ្ញាធរមិនទាន់មានការរៀបចំដីថ្មីស្អាតរួចរាល់ទេ គឺកុំទាន់រើពីកន្លែងចាស់។ ហើយសម្ដេចបានបញ្ជាក់ឲ្យអាជ្ញាធរត្រូវតែរៀបចំកន្លែងថ្មីឱ្យបានស្អាតបាតសិន ទើបយកប្រជាពលរដ្ឋមក ពីព្រោះសម្ដេចមិនចង់យកប្រជាជនមកទុកចោលនោះទេ។

ថ្ងៃនេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណ និងប្រកាសឈ្មោះសប្បុរសជនដែលបានចូលរួមជាសទ្ធាជ្រះថ្លាក្នុងការសាងសង់វត្តអារាមនៅតំបន់រុនតាឯកនេះ ដែលសរុបបច្ច័យសាងសង់ដែលមានការចូលរួមពីសប្បុរសជននាថ្ងៃនេះ គឺទទួលបានប្រមាណជា១លានដុល្លារផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង។ សម្តេចតេជោសង្ឃឹមថា ពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង នឹងរក្សាទុកដីជាកេរដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ។

សម្ដេចតេជោបានមានប្រសាសន៍ឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំប្រព័ន្ធខ្សែភ្លើងនៅតំបន់រុនតាឯក និងពាក់ស្នែង ដោយចំណាយថវិកាប្រមាណជា ៦លានដុល្លារ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ។ សម្ដេចតេជោបន្ដថា អគ្គិសនីនឹងដាក់ទីស្នាក់ការអគ្គីសនីនៅតំបន់រុនតាឯកនេះ ខណៈរាជរដ្ឋាភិបាល ប្រគល់ដីជាងកន្លះហិកតា ដើម្បីប្រតិបត្តិការអគ្គិសនីនៅតំបន់នេះ។

ទាក់ទងរឿងបញ្ហានយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការថា សម្តេចអាចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ​ សម្តេចតេជោនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។

មុននឹងបញ្ចប់ សម្ដេចតេជោក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន ជាពិសេសបងប្អូនដែលមកតាំងទីលំនៅថ្មី៕


Telegram