ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍នូវសិទ្ធិជ្រើសរើសមេដឹកនាំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណជាង ៦ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍នូវសិទ្ធិជ្រើសរើសមេដឹកនាំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សម្ដេចតេជោបន្តថា បណ្ដាបក្សនយោបាយដែលចូលរួមបោះឆ្នោតក្ដី មិនចូលរួមបោះឆ្នោតក្ដី ហើយដែលមានសមាជិកសមាជិការបស់ខ្លួន អ្នកគាំទ្រខ្លួន គប្បីត្រូវជំរុញពួកគាត់ឱ្យមកចុះឈ្មោះបោះឆ្នោត កុំឱ្យតែដល់ពេលថា ខ្ញុំគាំទ្រគណបក្សនេះ ខ្ញុំអត់មានឈ្មោះបោះឆ្នោត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវខ្ញុំអំពាវនាវសារជាថ្មីម្ដងទៀតជាមួយនិងប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយ ឱ្យទៅចុះឈ្មោះបោះឆ្នោត ហើយក្នុងនោះ យុវជនដែលទើបដល់អាយុបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត។ បើមិនដូច្នេះទេ គឺការអនុវត្តនូវសិទ្ធិមិនអាចធ្វើទៅរួចទេ។ មានតែអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតត្រឹមត្រូវតែប៉ុណ្ណោះ។ រឿងនេះគឺជារឿងដែលសូមអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងចូលរួម»។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យមួយត្រូវធ្វើជាទៀងទាត់សម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោតលើកនេះ គឺបច្ចេកទេសកាន់តែទំនើបទៅៗ ដែលនឹងផ្ដល់ឱកាសងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង និងតម្លាភាពនៃការបោះឆ្នោត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចេញផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២បានឱ្យដឹងថា រយៈពេល១១ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥២ ៥៦២ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩១ ០១៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១០ ២០៩ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧ ៣៧១ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ទន្ទឹមនេះ គ.ជ.ប ក៏សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕