កម្ពុជា សហការជាមួយមិត្តជប៉ុន ត្រៀមបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតមីន ទៅជួយហ្វឹកហ្វឺន ជូនអ្នកដោះមីនអ៊ុយក្រែន
ព័ត៌មានជាតិ
84

យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បង្ហោះនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ បានសរសេរទាំងស្រុងថា ក្រោយពីបានទទួលគោលការណ៍ដ៍ខ្ពង់ខ្ពស់បំផុតពី សម្តេច អគ្គមហាសេនាបតី តេជោ​ ប្រមុខរាជរដ្ឋាភិបាល រួចមក​ អង្គភាពស៊ីម៉ាក់ បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេស បោសសំអាតគ្រាប់មីន​ ដើម្បីជួយផ្តល់ការហ្វឹកហ្វឺន ជូនអ្នកដោះមីនអ៊ុយក្រែន។

ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ថា ក្រោយមានគោលការណ៍នេះអង្គភាពស៊ីម៉ាក់និងភាគីជប៉ុន​ បានដំណើរការពិភាក្សាគ្នា​យ៉ាងមមាញឹក​បំផុត។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ​ ឆ្នាំ២០២២នេះ​ និងក្រុមទី២អាចបំពេញបេសកកម្មនេះនៅក្នុងត្រីមាសទី១​ ឆ្នាំ២០២៣។

ឯកឧត្តម ហេង រតនា បន្តថា អង្គភាពស៊ីម៉ាកមានមោទនភាព ចំពោះបេសកកម្មនេះ​ ដែលមិនត្រឹមតែបានចូលរួមចំណែក ជួយប្រជាជនអ៊ុយក្រែន រំដោះខ្លួនពីការស្លាប់​ រងរបួស​ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប៉ុណ្ណោះទេ​ បន្ថែមលើសនេះបេសសកម្មនេះ​ ក៏ជាការចូលរួមលើកកម្ពស់មោទនភាពជាតិក្រោមការដឹកនាំដ៍ប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់សម្តេចតេជោ​ ដែលបានប្រែក្លាយប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីភ្លក់សង្គ្រាមជាច្រើនសទវត្ស​ ក្នុងព្រះរាជាណាចក្រនេះ​ ស្គាល់នូវសន្តិភាពដ៍ពេញលេញពិតប្រាកដមួយ សំរាប់កម្ពុជា​ ដោយបានលើក​កិតិ្តយសជាតិឱ្យស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ៕


Telegram